កំពង់ស្ពឺ៖ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៦៤គ្រួសារ រស់នៅភូមិជ្រាវក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺនៅថ្ងៃទី១៧ខែតុលា បានបន្តផ្តល់អំណោយមនុស្សធម៌លោកឧញ៉ាលី យ៉ុងផាត់ ដោយក្នុងនោះមានគ្រួសាររងប៉ះពាល់ខ្លាំងមានចំនួន២០គ្រួសារ រងប៉ះមធ្យមមាន ២២ គ្រួសារ និងប៉ះពាល់ធម្មតា២២គ្រួសារ។
លោក លីវ លាងគារ អភិបាលនៃគណអភិបាលស្រុកថ្ពង បានមានប្រសាសន៍ថា ការផ្ដល់អំណោយ នេះសម្រាលការលំបាកដោយផ្ទាល់ សូមផ្តាំផ្ញើសួរសុខទុក្អាណិតអាសូរ និងសូមចូលរួមការសោក ស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ព្រមទាំងសារអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ គិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។ថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
បន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមធម្មតាបែបគន្លងថ្មី។ ប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីកជាដើម។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប ប្រេងឆា១ដប។