
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា រួមទាំងអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃសុក្រទី១៦ ខែតុលានេះ បានបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលចំនួន៥ពាន់ដុលារ ដើម្បីជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់។
តាមរយៈហ្វេសហប៊ុកផ្លូវការរបស់ខ្លួនលោក កឹម សុខា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស មានចិត្តសប្បុរសធម៌ អាណិតស្រឡាញ់បងប្អូនរួមជាតិយើងដែលបាន និងកំពុងរងគ្រោះដោយទឹកជំនន់ ដែលបានចូលរួមជាថវិកា សម្ភារៈ តាមរយៈលោក ដើម្បីយកទៅចែកជូនផ្ទាល់ដល់ទីកន្លែងរងគ្រោះកន្លងមក និង បន្តទៀត។
បើតាមលោក កឹម សុខា នៅថ្ងៃនេះលោកបានផ្តល់ជូនតាមរយៈរាជរដ្ឋាភិបាលសម្រាប់ចូលរួម ការងារសង្រ្គោះផលប៉ះពាល់ដោយទឹកជំនន់នេះ នូវទឹកប្រាក់ចំនួន ៥.០០០$ (ប្រាំពាន់ដុល្លាអាមេរិក) ផងដែរ។សម្រាប់លោកកឹម សុខា ការខិតខំរួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ ដោយគ្មានការរេីសអេីង មិនគិតពីនិន្នាការនយោបាយ។
ជាថ្មីម្តងទៀត លោកបានអំពាវនាវឲ្យបងប្អូនប្រុងប្រយត្ន័ខ្ពស់បន្តទៀត ចំពោះមុខគ្រោះមហន្តរាយនេះ និងសូមជូនពរឲ្យខ្មែរបានសុខ ចាកផុតទុក្ខ៕
