ចិន៖ ប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី នៅថ្ងៃទី ១៦ មករា បានបើកកិច្ចប្រជុំពិសេសមួយជាមួយប្រេសិតទូតមកពីបណ្តាប្រទេសអាស៊ានទាំង ១០ ដោយបានស្នើសុំឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ចាត់វិធានការខ្លាំងក្លា និង បង្រ្កាបយ៉ាងម៉ឺងម៉ាត់លើក្រិដ្ឋជនល្បែងអនឡាញ និងបោកប្រាស់តាមអនឡាញ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាជនចិន ។ ការទទូចជាថ្មីរបស់ប្រមុខការទូតចិនពេលនេះ គឺបន្ទាប់ពីហេតុការណ៍បោកប្រាស់ តាមប្រព័ន្ធអនឡាញបានកើតឡើងលើប្រជាជនចិន ជាពិសេសតារាចិននៅក្នុងប្រទេសថៃនិងមីយ៉ាន់ម៉ាកន្លងទៅ។
ក្នុងជំនួបពិសេសជាមួយប្រេសិតទូតអាស៊ាន លោក វ៉ាង យី បានលើកយកហេតុការណ៍លើតារាថតកុនចិនដែលបានបាត់ខ្លួន នៅព្រំដែនថៃ និង ភូមា គឺជារឿងដ៏អាក្រក់ និង បានបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់ប្រជាជនចិន និង ប្រជាជនប្រទេសផ្សេងទៀត។លោកជំរុញឱ្យប្រជាជាតិអាស៊ានពាក់ព័ន្ធ មានការទទួលខុសត្រូវ និង ដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាជន ហើយមិនគួរឱ្យឧក្រិដ្ឋជនរស់នៅដោយមានសេរីភាពឡើយ។
បើតាមលោក វ៉ាង យី ប្រទេសចិនមានឆន្ទៈ ក្នុងការពង្រឹងការអនុវត្តច្បាប់ទ្វេភាគី និងពហុភាគី និង កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាស៊ាន ដើម្បីផ្តល់សុវត្ថិភាពដល់ការផ្តោះប្តូរប្រជាជន និងប្រជាជន និងរក្សាសណ្ដាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការតំបន់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣ មករា តារាសម្តែងជនជាតិចិន បានបាត់ខ្លួននៅក្នុងប្រទេសថៃ ហើយបានរកឃើញនៅមីយ៉ាន់ម៉ា ជាកន្លែងដែលរូបគេត្រូវបានបង្ខិតបង្ខំឱ្យរៀនបច្ចេកទេសបោកប្រាស់។ អាជ្ញាធរថៃ និងមីយ៉ាន់ម៉ា បានជួយសង្គ្រោះបានមកវិញនៅថ្ងៃទី ៧ ខែមករា តាមរយៈប្រតិបត្តិការសម្របសម្រួលមួយ។ក្រោយមកទៀត ស្ថានទូតចិនប្រចាំប្រទេសថៃ និង មីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍ព្រមានដល់ពលរដ្ឋចិនត្រូវបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរមកប្រទេសទាំងពីរនេះ។ ឥទ្ធិពលនេះ បាននាំឱ្យភ្ញៀវទេសចរចិនជាច្រើននាក់សម្រេចលុបចោលដំណើរកម្សាន្តមកកាន់ប្រទេសថៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងចូលមកដល់ចុងខែមករានេះ៕