Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន សន្យាជាមួយមន្ត្រីសន្តិសុខជាតិជប៉ុននឹងឱ្យ«នាវាជប៉ុនចតមុនគេ»នៅកំពង់ផែរាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក អាគីបា តាខេអូ (Akiba Takeo) និង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី ២០ ធ្នូ បានជួប លោក អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន។ក្នុងជំនួបនោះសម្តេច បានសន្យាជាមួយមន្ត្រីសន្តិសុខជាតិជប៉ុនថា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។

ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានលើកឡើងពីការចូលរួមរបស់ជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និង ពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។

បើតាមសម្តេច ជប៉ុន បានបញ្ជូនកងស្វ័យការពារជប៉ុន (JSDF) ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) អង្គការសហប្រជាជាតិ នៅកម្ពុជានៅឆ្នាំ១៩៩២ ដែលកាលនោះ សម្តេចបានចេញមុខគាំទ្រ ទោះបីជាទទួលរងនូវការទិតៀនពីមជ្ឈដ្ឋាន និងពីប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ។ សម្តេចបានលើកបន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។សម្តេចបានលើកឡើងថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។

ជាការឆ្លើយតប លោក Akiba Takeo ថ្លែង ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខ។លោកបានជម្រាបជូនសម្តេច អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើង ដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ 

បើតាមលោក Akiba Takeo បានគូសបញ្ជាក់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ជាពិសេស ជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។ នៅក្នុងបរិបទនេះលោក បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និង បណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

សម្តេច ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា កម្ពុជានឹងគាំទ្រនូវរាល់យុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមទាំងនោះ ផ្អែកទៅលើគោលការណ៍៣ នោះគឺ៖ (១) បម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា (២) មិនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង (៣) ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នៅក្នុងស្មារតីនេះ សម្តេច បានបន្ថែមថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង