ភ្នំពេញ៖ ហាងលក់ទំនិញស្ទើរទាំងអស់ បានបិទស្លាកតម្លៃជាប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាម៉េរិក ហើយហាងលក់ទំនិញកាន់តែច្រើនឡើងបានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងចំណោមហាងទំនិញចំនួន៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា មានហាងទំនិញ ៨០%ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧%ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាម៉េរិកផង។ នេះជាការលើកឡើងរបស់លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាស្ដីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
លោក យឹម លាត បានលើកឡើងថា ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័សក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានកំណើន ១,៨ដង ធៀបនឹងគ្រោះដូចគ្នាឆ្នាំមុន និង ២,៨ដង ធៀបនឹងឆមាសទី១ ឆ្នាំ២០២២។ ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការប្រើប្រាស់ប្រាក់រៀល បានបង្ហាញថា ហាងលក់ទំនិញស្ទើរទាំងអស់បានបិទស្លាកតម្លៃជាប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាម៉េរិក ហើយហាងលក់ទំនិញកាន់តែច្រើនឡើងបានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។
លោកបន្តថា ក្នុងចំណោមហាងទំនិញចំនួន៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា ៖ មានហាងទំនិញ ៨០%ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧%ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាមេរិកផង។ ទោះយ៉ាងណា មានហាងទំនិញប្រមាណ ២៨% ទទួលការទូទាត់តែជាប្រាក់ដុល្លារអាម៉េរិកប៉ុណ្ណោះ ដែលបញ្ហានេះ ទាមទារឱ្យមានកិច្ចសហការបន្ថែមទៀត។
លោកបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន មានសារៈសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាពការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតនៅកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការជំរុញការនាំចេញ ជំរុញការវិនិយោគនិងការប្រើប្រាស់ បង្កើនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិនិងអធិបតេយ្យជាតិ។ ថ្មីៗនេះ តាមរយៈរបាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ច មូលនិធិរូបិយវត្ថុអន្តរជាតិបានទទួលស្គាល់ថា ការបង្កើនការប្រើប្រាស់ប្រាក់រៀលនឹងជួយបង្កើនភាពធនរបស់សេដ្ឋកិច្ច ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចកើតឡើងជាយថាហេតុ។
លោក យឹម លាត លើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងសេដ្ឋកិច្ចជាតិ ជាពិសេសការបើកប្រាក់បៀរវត្សរ៍ជាប្រាក់រៀលជូនបុគ្គលិកការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនកាន់តែច្រើនឡើង តាមរយៈការជំរុញការបិទស្លាកតម្លៃជារៀលនិងការទូទាត់ជាប្រាក់រៀល ការកំណត់អត្រាប្តូរដែលអនុគ្រោះដល់អ្នកប្រើប្រាស់ប្រាក់រៀល ការផ្ដល់ឥណទាននិងការសន្សំជាប្រាក់រៀលក្នុងលក្ខខណ្ឌប្រសើរជាងប្រាក់ដុល្លារអាម៉េរិក។ល។
គួរបញ្ជាក់ថា សិក្ខាសាលាស្ដីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងគោលនយោបាយលើកកមពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា៕