ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យគម្រោងពហុកីឡាដ្ឋានជាតិដែលជាជំនួយរបស់ចិនជូនចំពោះកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ដែលមានការចូលរួមពីមន្ត្រីមកពីក្រសួងពាក់ព័ន្ធនានាដូចជា ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ចជាដើម។
សម្តេចពិជ័យសេនា និងឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានអញ្ជើញសណ្ដាប់សេចក្តីរាយការណ៍ពីស្ថានភាពវិវឌ្ឍននៃគម្រោងដែលបង្ហាញដោយលោក Wang Qunqing ប្រធានក្រុមបច្ចេកទេសគម្រោងដែលទទួលសាងសង់ដោយក្រុមហ៊ុន CHINA STATE CONSTRUCTION គ្រុប(CSCES)។
បន្ទាប់មកក៏បានចុះពិនិត្យទីតាំងការដ្ឋាននៃគម្រោង និងបានលើកទឹកចិត្តបុគ្គលិកនៃគម្រោងឱ្យខិតខំប្រឹងប្រែង ដើម្បីកសាងគម្រោងពហុកីឡដ្ឋានជាតិនេះឱ្យក្លាយជាវិស្វកម្មគំរូមួយដែលមានស្តង់ដារនិងគុណភាពខ្ពស់។
គម្រោងពហុកីឡាដ្ឋានជាតិដែលជាជំនួយរបស់ចិនជូនចំពោះកម្ពុជា មានទីតាំងនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ ផ្ទៃដីនៃគម្រោងមានទំហំប្រមាណ ៨២៤០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបាន ៦ម៉ឺន នាក់ បានផ្តល់ការគាំទ្រដោយថវិការជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នាឆ្នាំ២០២១ ហើយនឹងក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៣៕