ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាថ្មីម្ដងទៀតនៅថ្ងៃនេះថា ប្រជាពលរដ្ឋគួរប្រញាប់ទិញផ្ទះ ឬខុនដូដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ ជាពិសេសនៅតំបន់ក្រុងភ្នំពេញ ព្រោះមិនតម្រូវឲ្យបង់ពន្ធរយៈពេលពេញ ១ ឆ្នាំ។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖« ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រឈមនឹងការរំខានដោយជំងឺ កូវីដ ១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់សារជាថ្មីនៅថ្ងៃនេះ ជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ»។
បើតាមសម្ដេច នេះជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូនប្រជាពលរដ្ធដែលចង់បានផ្ទះសម្បែងរស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈនេះ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចហ៊ុន សែន ក៏បានប្រកាសឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃទាបជាង ៧ ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល១ ឆ្នាំ ដោយគិតចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែ មករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ៕