ភ្នំពេញ៖ពិធីអភិសេក និង ដង្ហែ«ព្រះកេសមហាព្រហ្ម» ដើម្បីតម្កល់ក្នុងវិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ នៅទីតាំងសួនច្បារខាងលិច វិមានឯករាជ្យ ក្រោមអធិបតីភាពរបស់ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ពិធីអភិសេក ធ្វើឡើងខណៈការសាងសង់ វិមានរដ្ឋធម្មនុញ្ញ ជិតរួចរាល់ ហើយគ្រោងរៀបចំព្រះរាជពិធីសម្ពោធ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រខ្មែរ។
វិមានរដ្ឋធម្មនុញ្ញ ដែលជាសំណង់និមិត្តរូបនៃ«រដ្ឋធម្មនុញ្ញ»តំណាងច្បាប់កំពូលរបស់ជាតិ កាលពីថ្ងៃទី ៩ កញ្ញាម្សិលមិញ បានឈានដល់ពិធីអភិសេក និង ដង្ហែ«ព្រះកេសមហាព្រហ្ម» ដើម្បីតម្កល់ក្នុងវិមានហើយ ក្រោយពីវិមានដ៏សំខាន់នេះ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ២០២៣។
បើយោងតាមក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បច្ចុប្បន្ននេះ«វិមានរដ្ឋធម្មនុញ្ញកម្ពុជា»ដែលមានទីតាំងក្បែរ វិមានឯករាជ្យ បានសាងសង់ជិតរួចរាល់ហើយ និង ត្រៀមរៀបចំព្រះរាជពិធីសម្ពោធ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញកម្ពុជា សាងពីសំរឹទ្ធប្រមាណ ៧០% ស្ពាន់ ៣០% និង ពី ថ្មភក់ សិក្សាដោយឈរលើទស្សនាទាន ស្ថាបត្យកម្ម លំនាំប្រាសាទ ពិមានអាកាស និង ប្រាសាទនាគព័ន្ធ បង្ហាញនូវរចនាបថខ្មែរបុរាណ និង សម័យ និង បង្កប់នូវអត្ថន័យជាច្រើនផ្សារភ្ជាប់អតីតកាល រហូតមកដល់ពេលបច្ចុប្បន្ន។ «វិមានរដ្ឋធម្មនុញ្ញ» ប្រើប្រាស់ពេលវេលាសាងសង់ រយៈពេល ១ឆ្នាំ ដោយស្ថាបត្យករ គឺជាកូនខ្មែរ៕