
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ២ តុលា ឆ្នាំ២០២០នេះ បានថ្លែងពីតម្លៃនៃសន្តិភាពដែលប្រទេសកម្ពុជារកបានដោយកម្រ។ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ សម្តេចបានសង្កេតឃើញថា រយៈពេល២០ឆ្នាំហើយ ដែលកម្ពុជាបានបញ្ចាប់សង្រ្គាមក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ដែលកម្ពុជាចាប់ផ្តើមមានការឯកភាពទឹកដីជាលើកដំបូង។
បើតាមសម្តេចហ៊ុន សែន រាជាណាចក្រនេះ “ពិតជាកំសត់ពេកហើយ”កាលពីអតីតកាល ប៉ុន្តែស្នាមញញឹមថ្មីលើទឹកដីអង្គរបានចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយដូចផ្កាត្រូវទឹកសន្សើម ជាអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជាចង់បាន និងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជាជាតិរបស់ខ្លួន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន សង្កត់ធ្ងន់ថា នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព បើគ្មានសន្តិភាព គឺមិនបានការការអភិវឌ្ឍឡើយ៕