ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិកម្ពុជា បានសម្រេចផ្តល់ម៉ាស់ចំនួនបីសែនម៉ាស់ និងសម្លៀកបំពាក់ការ ពារការឆ្លងមេរោគមួយចំនួនដល់ក្រសួងការពារជាតិចិន ដើម្បីបង្ការនូវមេរោគកូរ៉ូណាថ្មីឬមេរោគ(Covid-19) ខណៈមេរោគនេះបានកំពុងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិននិង បណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោកនោះ។
ថ្លែងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៩ និងបើកវគ្គសិក្សា ឆ្នាំ២០២០ និងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នងនៅសកលវិទ្យាល័យការពារជាតិនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិបាន ថ្លែងថា «ដោយសារតែយើងឃើញនូវទុក្ខធុរៈរបស់មិត្តចិន គឺមានសភាពធ្ងន់ធ្ងរណាស់ ក្រសួងការពារជាតិយើងនៅថ្ងៃនេះបានជូនដំណឹងទៅស្ថានទូតចិននៅកម្ពុជាហើយ ដោយយើងបានសម្រេចប្រមូលបានម៉ាស់មួយចំនួនហើយទោះបីជាវា មិនច្រើនមែនសម្រាប់ប្រទេសចិន ចំពោះម៉ាស់ចំនួនបីសែននេះ តែវាជាទឹកចិត្តរបស់ យើងក្នុងការចូលរួមជាមួយមិត្តរបស់យើង»។
ជាមួយគ្នានោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការអំពាវនាវដល់នាយទាហានពលទាហានទាំងអស់ត្រូវចូលរួមសហការគ្នាជាមួយក្រសួង សុខាភិបាលកម្ពុជាបង្ការ និងទប់ស្កាត់ឲ្យបាននូវជម្ងឺផ្លូវដង្ហើមថ្មីកូរ៉ូណាឬ(Covid-19) ខណៈជម្ងឺ នេះបានកំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់ ម៉ឺននាក់កំពុងបន្តឆ្លងនូវមេរោគនេះជាបន្តបន្ទាប់នោះ។
បើតាមសម្តេចទៀ បាញ់ បានបញ្ជាក់ថា នាពេលកន្លងទៅក្រសួងសុខាភិ បាលបានធ្វើការណែនាំច្រើនមកហើយ ដោយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងត្រូវ ចេះការពារនូវជម្ងឺ(Covid-19)នេះ ដូច្នេះក្នុងនាមយើងជាកងទ័ពត្រូវចូលរួមអនុវត្តការណែ នាំនេះឲ្យបានល្អដើម្បីការពារនូវមេរោគមួយនេះ៕