ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស នៅថ្ងៃទី ១២ សីហានេះ បានចេញសេចក្តីថ្លែងការណ៍ដោយប្រកាសឆ្លើយតប វាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្ដួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព។ជាសេចក្តីប្រកាសធ្វើឡើង ក្រោយពីមានសកម្មភាពតវ៉ានៅក្រៅប្រទេស ក្រោមហេតុផល CLV បង្កប់ហេតុផលនយោបាយ ដឹកនាំដោយសកម្មជនក្រុមប្រឆាំងនៅក្រៅប្រទេស។
ប្រតិកម្មជាមួយចលនាបាតុកម្មនៅក្រៅប្រទេស យុវជនគណបក្សប្រជាជនកម្ពុជា បានចាត់ទុកសកម្មភាពនេះ ញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលយក បញ្ហានៅប្រទេសបង់ក្លាដេស មកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលជាកម្លាំងមហាសាមគ្គីដ៏រឹងមាំក្នុងជួរយុវជនគណបក្ស ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនមែនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
សម្រាប់យុវជនបក្សកាន់អំណាចនេះ ការប៉ុនប៉ងអូសទាញ ប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី គឺជាអំពើ ល្មើសច្បាប់មិនអាចអត់ឱនបានឡើយ។យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្តួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងស្ថិតក្រោមម្លប់ន សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។