Cctime 6monthsfree desktop
Cc times  web banner kh (2)

ទូតអាមេរិកនៅតែបន្តសួរកម្ពុជាពីបញ្ហាមូលដ្ឋានកងទ័ពជើងទឹកនៅសមុទ្ររាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហអាមេរិកនៅតែបន្តសួរកម្ពុជាទាក់ទងនឹងបញ្ហាមូលដ្ឋានកងទ័ពជើងទឹកនៅសមុទ្ររាម ខណៈរាជរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបថា មិនមានយោធាចិននៅមូលដ្ឋានយោធាសមុទ្ររាម ហើយចំពោះការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺសម្រាប់តែកងទ័ពជើងទឹកកម្ពុជាប្រើប្រាស់តែប៉ុណ្ណោះ។

នៅក្នុងជំនួបសវនាការរវាងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយនឹងឯកឧត្តម ប៉ាទ្រីក មូហ្វ៊ី (W.patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម ប៉ាទ្រីក មូហ្វ៊ី ក៏បានលើកយកបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម មកពិភាក្សាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹករាមមានទំហំតូច ទឹករាក់ មិនឆ្លើយតបទៅនឹងកប៉ាល់ ឬនាវាធំៗចូលបាន។ ដូច្នេះការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺសម្រាប់កងទ័ពជើងទឹកកម្ពុជាប្រើប្រាស់តែប៉ុណ្ណោះ ពោលគឺមិនអនុញ្ញាតឱ្យកងទ័ពបរទេសចូលក្នុងដែនសមុទ្ររាមទេ។

សម្តេច ទៀ បាញ់ បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញកម្ពុជាបានចែងច្បាស់ គឺមិនឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ ទាក់ទងទៅនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅរាម សម្តេច ទៀ បាញ់ បានលើកឡើងថា ការប្រើប្រាស់មូលដ្ឋានរាមនេះផ្តាច់មុខជារបស់កម្ពុជា មិនមែនជារបស់ផ្តាច់មុខ របស់កងទ័ពបរទេសនោះទេ។

បើតាមសម្តេច ទៀ បាញ់ បានបន្តបញ្ជាក់ថា គម្រោងការប្រែក្លាយជាមូលដ្ឋានសមុទ្ររាមជាកំពង់ផែអន្តរជាតិនេះ ត្រូវបានធ្វើការសិក្សាអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ បន្ទាប់ពីអភិវឌ្ឍន៍រួច កំពង់ផែនេះនឹងទទួលការចូលចតគ្រប់នាវាទាំងអស់។

សូមរំឭកថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ថាកំពង់ផែសមុទ្ររាមរបស់កម្ពុជាគឺសម្រាប់«មិត្តភក្តបរទេសទាំងឡាយ»។ «មូលដ្ឋានជើងទឹករាមនឹងទទួលស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួនមកសុំចតឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា»៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង