បារាំង៖ បដិមាវិស្ណុផ្ទំដ៏ធំនៃប្រាសាទមេបុណ្យខាងលិច ដែលជាបដិមាធំបំផុតមិនធ្លាប់ប្រទះឃើញនៅឧទ្យានអង្គរ បានទៅដល់ប្រទេសបារាំង ដើម្បីធ្វើការសិក្សា និងជួសជុល មុននឹងត្រូវដាក់តាំងពិព័រណ៍ឆ្នាំ២០២៥។ រូបចម្លាក់នេះគឺជារតនវត្ថុនៃសារមន្ទីរជាតិកម្ពុជា ហើយគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការពិសេសរវាងបារាំង និងកម្ពុជា រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីស្តារ និងជួសជុលប្រាសាទមេបុណ្យខាងលិចដែលស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ។
បន្ទាប់ពីបានទៅដល់បារាំង បដិមាវិស្ណុផ្ទំដ៏ធំនេះ នឹងត្រូវជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើបដិមានេះ នៅវិទ្យាស្ថានCentre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសដ៏ប៉ិនប្រសព្វនៃការសិតលោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុមជំនាញនឹងសាកល្បងផ្គុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត១០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា3Dដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។
ក្រោយគម្រោងអភិរក្សនិងវិភាគស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ទីក្រុងប៉ារីស ហើយការដាក់តាំងនេះ នឹងមានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន១២៦ផ្សេងទៀតដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានាដំណាក់កាលទី២។ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេនាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពី ការវិវឌ្ឍន៍បច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្រ្តដល់សម័យក្រោយអង្គរ។
សូមជម្រាបថា កាលពីថ្ងៃទី៧ ឧសភា បដិមាវិស្ណុផ្ទំ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង។ ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ គឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជា ដែលបានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលាដោយសារវិបត្តិកូវីដ១៩៕