កំពង់ឆ្នាំង៖ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ប្រមាណជាង២ពាន់នាក់ នៅថ្ងៃទី ១៦ ឧសភានេះ បានបើកសមយុទ្ធជាផ្លូវការរបស់ខ្លួន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នា និងការសង្រ្គោះមនុស្សធម៌។សមយុទ្ធយោធានេះ ធ្វើឡើងដឹកនាំដោយលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និង លោក កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
សមយុទ្ធយោធារវាងកម្ពុជា និង ចិន មានរយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំងដ្រូនស៊ើបការរបស់សត្រូវ និងក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពុំមែនធ្វើឡើងដើម្បីជាការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ។
សមយុទ្ធយោធារួមគ្នានេះ មានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបចំនួន ២០៧៥នាក់ ក្នុងនោះកងយុទ្ធពលខេមរភូមិន្ធចំនួន ១៣១៥នាក់ និង កងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់ អមជាមួយគ្រឿងបំពាក់សម្រាប់ការចូលរួមធ្វើសមយុទ្ធលើគោករួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទចំនួន ៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ចូនសារជាច្រើនឈុតទៀត។ សមយុទ្ធនៅលើផ្ទៃសមុទ្រ មាននាវាចូលរួមសរុប ១៤គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង។
គួរបញ្ជាក់ថា នេះជាឆ្នាំទី៦ហើយដែលកម្ពុជា និង ចិន រៀបចំសមយុទ្ធរួមគ្នា ក្រោយចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦។កាលពីឆ្នាំ២០២៣ កម្ពុជានិង ចិនក៏បានធ្វើ សមយុទ្ធនាគមាស នេះម្តងហើយ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំជាប់គ្នាដោយ សារវិបត្តិជំងឺកូវីដ១៩។សមយុទ្ធរួមគ្នានេះ ត្រូវបានបញ្ជាក់ថា ដើម្បីពង្រឹងសន្តិសុខទប់ស្កាត់អំពើភេរវកម្មក្នុងប្រទេសនីមួយៗ និងនៅក្នុងតំបន់ មិនមានគោលបំណងគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ប្រទេសណាមួយឡើយ៕