Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកស្រាវជ្រាវខ្មែរកំពុងសិក្សាលើ«ព្រែកជីកបុរាណ»មួយអាចជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និង ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា កំពុងសិក្សាស្រាវជ្រាវលើព្រែកស្រមោច ដែលជា ព្រែកជីកបុរាណ  មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ដែលអាចជីកឡើងតាំងពីមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧។

 ក្រុមស្រាវជ្រាវបានប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និង រូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះ លាតសន្ធឹងមិនដល់ភ្នំគូលែនទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។ 

ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពី ទន្លេសាប  ច្រាលចូលក្នុងព្រែក។ 


បើតាមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា ព្រែកជីកដ៏ធំនេះ អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ក្រោយមកប្រហែលជាព្រែកជីកនេះ មានដំណើរការ រអាក់រអួល និង ខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទ  ជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។ 

ក្នុងបទសម្ភាសន៍ជាមួយអ្នកស្រុក រស់នៅតាមទំនប់ព្រែកជីក ចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះ ជាផ្លូវទឹក បុរាណ  មួយដែលមាន សំពៅ ចរាចរ   ចុះឡើងចន្លោះ ពីទន្លេសាប ទៅដល់ ភ្នំគូលែន និង ជាផ្លូវដឹកជញ្ជូនថ្ម ទៅសាងសង់ ប្រាសាទ នៅអង្គរ។

តែយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ក្រុមស្រាវជ្រាវ បានបន្តធ្វើកំណាយ នៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែម ពីព្រែកស្រមោច និង ស្វែងយល់ពីការតាំងទីរបស់ប្រជាជន និង ពេលវេលាដែលពួកគេរស់នៅទីនេះ។ ក្នុងពេលធ្វើកំណាយនេះ យើងបានរកឃើញឃើញ កុលាលភាជន៍ខ្លះៗដូចជាកុលាលភាជផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាល មុនសម័យអង្គរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង