ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកកម្ពុជានៅថ្ងៃទី២៩ ខែមេសា ក្នុងគោលបំណងមក«សោយក្រយា»ពេលព្រឹកជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយសម្តេច ហ៊ុន សែន នឹងអញ្ជើញទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និង រួមដំណើរទៅកាន់សណ្ឋាគារ។នេះបើយោងតាមការអះអាងរបស់សម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន បានថ្លែងថា "គោលបំណងទស្សនកិច្ចរបស់ព្រះគឺមក ស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និង ខ្ញុំជាប្អូនពៅ)។បើតាមសម្តេច ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសាខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ឯសម្តេចមានកូនប្រុសទាំងបី គឺសម្តេច ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បី ព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។
គួរបញ្ជាក់ថា ទំនាក់ទងបែបនេះ ត្រូវបានសម្តេច ហ៊ុន សែន ពន្យល់ថា កាលពីឆ្នាំ២០១១ ពេលសម្តេចទៅប្រុយណេ ព្រះអង្គបានយាងបើករថយន្តដោយអង្គឯងមកទទួលសម្តេចនៅព្រលានយន្តហោះ ហើយជូនទៅសណ្ឋាគារផងដែរ៕