ភ្នំពេញ៖ ការកើនឡើងនៃភ្ញៀវទេសចររហូតដល់ជាង២១លាននាក់នេះ គឺសំដៅលើការចូលទៅទស្សនារយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅតាមតំបន់នីមួយៗ ដែលត្រូវបានគណនាដោយការរាប់ចំនួនដងក្នុងមួយថ្ងៃ ដែលភ្ញៀវទេសចរ១នាក់បានទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នីមួយៗ។ ឧទាហរណ៍ ភ្ញៀវទេសចរ១នាក់ក្នុង១ថ្ងៃ ទៅកម្សាន្តនៅតំបន់ទេសចរណ៍ចំនួន៣ទីតាំង ត្រូវបានរាប់បញ្ចូលជាភ្ញៀវទេសចរចំនួន៣នាក់ ទោះថ្ងៃស្អែកមកទីតាំងដដែលក៏ត្រូវរាប់បញ្ចូលជាភ្ញៀវទេសចរថ្មីដែរ។ វិធាននៃការគណនានេះ គឺត្រូវបានគេប្រើប្រាស់នៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា មកកាន់ស៊ីស៊ីថាមស៍។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា នៅពេលបែលមានកំណើនភ្ញៀវទេសចរនៅក្នុងស្រុកកាន់តែច្រើន វិស័យលក់រាយអាចនឹងចាប់ផ្ដើមមានកំណើនឡើងវិញខ្លះៗដូចគ្នា ក៏ប៉ុន្តែពលរដ្ឋដែលស្ថិតក្នុងវិស័យលក់រាយមិនសូវចាប់ឱកាសនៃការលក់ដូរទេ ដោយសារតែពួកគាត់ក៏ត្រូវបានឈប់សម្រាកនិងដើរកម្សាន្តដូចគ្នា។ ជាមួយគ្នានេះ ការផ្គត់ផ្គង់ម្ហូបអាហារក៏ពុំសូវមានគ្រប់គ្រាន់នៅឡើងដែរ ហើយលុយជាតិមួយចំនួនក៏ត្រូវបានហូរចេញទៅស្រុកក្រៅ ព្រោះការនាំចូលនូវកាំភ្លើងបាញ់ទឹក និងសម្ភារៈកម្សាន្តមួយចំនួនដែលមិនមែនជាផលិតផលក្នុងស្រុក។
គួរបញ្ជាក់ថា ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង២១ លាននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនសរុបប្រមាណ ២១.៧០ លាននាក់ និង ភ្ញៀវទេសចរបរទេសមានចំនួនប្រមាណ១១ ម៉ឺននាក់។ ខេត្តចំនួន៥ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺកំពង់ចាម ព្រៃវែង កំពង់ស្ពឺ បាត់ដំបង កំពត។ ចំនួនភ្ញៀវទេសចរ ប្រមាណជាង ២១ លាននាក់ក្នុងរយៈពេល៤ ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលប់ លើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត៕