ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសជំហររឹងមាំថា កម្ពុជានឹងមិនស្នើសុំអឺរ៉ុប ដើម្បីទទួលបានភាពអនុគ្រោះពន្ធខ្លះនៃEBAមកវិញនោះឡើយ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយនៅវិមានសន្តិភាព មុនដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ។
សម្តេចហ៊ុន សែន បានលើកឡើងថា ការដកការអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ គឺ២០ភាគរយប៉ុណ្ណោះ មានន័យថា កម្ពុជាត្រូវបង់នាំចូលទៅអឺរ៉ុប២០ភាគរយលើទំនិញសរុបទាំងអស់ រីឯ៨០ភាគរយទៀត គឺនាំចូលដោយរួចពន្ធដដែល។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ថា កម្ពុជាមិនអាចយកច្បាប់ យកអធិបតេយ្យតរបស់ខ្លួនទៅដោះដូរយកការអនុគ្រោះពន្ធ២០ភាគរយនេះបានទេ។ សម្រាប់សម្តេចហ៊ុន សែន កម្ពុជាកំពុងដើរលើផ្លូវដែលខ្លួនបានជ្រើសរើស ហើយមិនដើរថយក្រោយវិញបានឡើយ។
សហភាពអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចដកការអនុគ្រោះពន្ធ២០%ក្រោមកម្មវិធីEBA លើទំនិញចំនួន៤០ប្រភេទរបស់កម្ពុជា។ មុខទំនិញទាំងនេះ គឺនៅក្នុងវិស័យកាត់ដេរ ផលិតផលធ្វើដំណើរ និង ស្ករ។ ទំនិញទាំងនេះ គឺមានតម្លៃនាំចេញទៅកាន់អឺរ៉ុបប្រមាណជាង១ពាន់លានដុល្លារអាមេរិក។ សេចក្តីសម្រេចនេះ នឹងចូលជាធរមាន និងចាប់អនុវត្តនៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ។
ការសម្រេចរបស់សហភាពអឺរ៉ុបនេះ នឹងតម្រូវឱ្យកម្ពុជាត្រូវបង់ពន្ធក្នុងរង្វង់ប្រមាណ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនអាចធ្វើតាមអឺរ៉ុបបានទេ ហើយកម្ពុជាក៏មិនយកអធិតេយ្យភាពរបស់ខ្លួនទៅដោះដូរនឹងទឹកប្រាក់ប្រមាណ១០០លានដុល្លារនេះបានឡើយ។ ជាមួយនឹងគ្នានេះ សម្តេចក៏បានអះអាងឱ្យដឹងផងដែរថា គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោលទៅហើយនោះ មិនអាចរស់នៅឡើងវិញទេ និងប្រាប់ទៅអតីតក្រុមអ្នកនយោបាយប្រឆាំងថា កុំសង្ឃឹម និង រង់ចាំអតីតបក្សប្រឆាំងនេះទៀត៕