Img 1426
Swift cc time

សិស្សនិងលោកគ្រូអ្នកគ្រូចូលរួមយុទ្ធនាការ«កាត់បន្ថយប្រើប្រាស់ប្លាស្ទិក»បាន១០០%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ក្នុងយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ មានសិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ ចូលរួមសរុបជាង ៣,៦លាននាក់ ស្មើនឹង១០០% នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ។លទ្ធផលនេះបានធ្វើឱ្យយុទ្ធនាការនេះ សម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា។នេះបើយោងតាមក្រសួងបរិស្ថានកម្ពុជា។

យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី ៨ មេសា ក្រសួងបរិស្ថានបានសហការជាមួយគ្រឹះស្ថានសិក្សាទូទាំងប្រទេស និង ទទួលបានការចូលរួមពី សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ទាំងអស់សរុបជាង ៣,៦លាននាក់ ស្មើនឹង១០០% ក្នុងន័យរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកយុទ្ធនាការនេះ ជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ឈប់ប្រើថង់ប្លាស្ទិកចំនួន ១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ហើយសិស្សម្នាក់មិនប្រើថង់ផ្លាស្ទិកជាមធ្យម ៤ថង់ ក្នុង១ថ្ងៃ ដែលធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។

បើតាមលោក អ៊ាង សុផល្លែត ការចូលរួមចេញពីបេះដូងរបស់សិស្សានុសិស្ស គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន ដែលមានមុំ៣សំខាន់ គឺស្អាត បៃតង និងចីរភាព ជាពិសេស យុទ្ធសាស្រ្តមានគោលដៅសំខាន់ធ្វើឱ្យកម្ពុជា ស្រស់បំព្រង គ្មានការបំពុល និង ឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក ក្នុងពេលអនាគតដ៏ខ្លី៕


ពាក្យទាក់ទង: ប្លាស្ទិក
Khcct banner

អត្ថបទទាក់ទង