ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងជាមួយក្រុមហ៊ុនបារាំងដែលកំពុងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានឈ្មោះ សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ Société Concessionnaire de l'Aéroport (ហៅកាត់SCA) ដោយអនុញ្ញាតឱ្យក្រុមហ៊ុននេះបន្តដើរតួនាទីសំខាន់ក្នុងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ និងបន្តដំណើរការអាកាសយានដ្ឋានអន្តរជាតិនៅខេត្តព្រះសីហនុ។
ការចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងនាយកប្រតិបត្តិក្រុមហ៊ុន SCA។
យោងតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា បន្ទាប់ពីបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមឱ្យក្រុមហ៊ុន Cambodia Airports Investment Co., Ltd. (CAIC)ដែលវិនិយោគដោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រគល់ឱ្យក្រុមហ៊ុនបារាំងSCA ដើរតួនាទីជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ។
ម្ប៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាក៏នឹងគាំទ្រឱ្យក្រុមហ៊ុនបារាំងSCA ធ្វើការអភិវឌ្ឍបន្ថែមទៀត និងពង្រឹងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
សេចក្តីប្រកាសព័ត៌មានរួមបាននិយាយថា "កិច្ចព្រមព្រៀងថ្មីនឹងកំណត់ទិសដៅច្បាស់លាស់ សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងភាគីទាំងពីរ"។
សេចក្តីប្រកាសព័ត៌មានរួមបានចង្អុលបង្ហាញថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ ក្រុមហ៊ុនបារាំងSCA ដើម្បីបន្តបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់សេវាកម្មគ្រប់គ្រងអាកាសចរណ៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងរួមចំណែកដល់វិបុលភាពប្រកបដោយចីរភាពរបស់កម្ពុជា។
យោងតាម សេចក្តីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា និង ក្រុមហ៊ុនបារាំងSCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកដំបូងនៅដើមឆ្នាំ ១៩៩៥ ដោយបានអនុញ្ញាតឱ្យ ក្រុមហ៊ុនបារាំងSCA ដំណើរការអាកាសយានដ្ឋានអន្តរជាតិចំនួនបីនៅក្នុងប្រទេសកម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ។ ក្រុមហ៊ុនមេរបស់SCA គឺជាក្រុមហ៊ុន Vinci Groupរបស់ប្រទេសបារាំង។
ក្នុងចំណោមនោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ត្រូវបានបិទជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំមុន ហើយត្រូវជំនួសដោយអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលកំពុងសាងសង់ ត្រូវបានគេរំពឹងថានឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆមាសទីមួយនៃឆ្នាំ២០២៥។ គម្រោងយក្សមួយនេះ វិនិយោគដោយក្រុមហ៊ុនCambodia Airports Investment Co., Ltd. ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនOCIC និងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕