Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភាខណៈលោក ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធជាអនុប្រធាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ៣ មេសា ឆ្នាំ២០២៤។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ចំណែក លោក ប្រាក់ សុខុន និង លោក អ៊ុច បូររិទ្ធ ទទួលបានការបោះឆ្នោតគាំទ្រឱ្យធ្វើជា អនុប្រធានទី១ និងអនុប្រធានទី២។ការបោះឆ្នោតនេះ ទទួលបានការគាំទ្រដោយសំឡេងឆ្នោត ៦២ លើ៦២សំឡេងនៃសមាជិកបោះឆ្នោត។

ក្រោយសម្រាកពីការងារជានាយករដ្ឋមន្ត្រីអស់រយពពេលជាច្រើនខែ តែនៅថ្ងៃទី ៣ ខែមេសានេះ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាដែលជាស្ថាប័នកំពូលរបស់ជាតិ។សម្តេចនឹងបន្តកាន់តំណែងនេះ ចាប់ពីពេលនេះតទៅ។

ចំណែកលោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាប់ឆ្នោតជាអនុប្រធានទី១នៃព្រឹទ្ធសភា និងលោក អ៊ុច បូររិទ្ធ អតីតទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជាប់ឆ្នោតក្លាយជាអនុប្រធានទី២។ការបោះឆ្នោតទាំងអស់ គឺទទួលបានការគាំទ្រទាំងស្រុងដោយសំឡេង ៦២ លើ៦២ សំឡេង។

ថ្លែងបើកសម័យប្រជុំដំបូងនៅថ្ងៃនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអរគុណដល់សមាជិកទាំងអស់ដែលបោះឆ្នោតគាំទ្រ ហើយបានរំលឹកពីប្រវត្តិនៃការតស៊ូនានា ដើម្បីអភិវឌ្ឍប្រទេសកម្ពុជារួមទាំងការបង្កើតស្ថាប័នព្រឹទ្ធសភាផងដែរ។សម្រាប់សម្តេច បានជំរុញឱ្យសមាជិកទាំងអស់ខិតខំបំពេញការងារបម្រើពលរដ្ឋឱ្យបានល្អ និង ចូលរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យ ការពារយុត្តិធម៌សង្គម ដោយធានាថាពលរដ្ឋគ្រប់រូបត្រូវបានការពារដោយច្បាប់។

សម្តេចហ៊ុន សែន បានប្តេជ្ញាចិត្តថា នឹងចូលរួមសហការយ៉ាងល្អជាមួយរដ្ឋសភា និង ស្ថាប័នពាក់ព័ន្ធ ហើយប្រកាសការពារស្ថាប័នរាជជានិយម ការការពារឯករាជ្យបូរណភាពទឹកដី ប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលរួមចំណែកធានាឱ្យមានសុវត្ថិភាពគតិយុត្តិតាមរយៈការពិនិត្យ និង អនុម័តច្បាប់ ជាពិសេសព្រឹទ្ធសភា​គឺជាចង្កូត និង ជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន។ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោត​ជ្រើស​​​តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួម​មាន​៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង