ភ្នំពេញ៖ ព្រឹទ្ធសភា នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅវិមានព្រឹទ្ធសភា។
ពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ មានបេក្ខភាពថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភា ចំនួន ៣រូប រួមមាន៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក ប្រាក់ សុខុន អនុប្រធានទី១, និងលោក អ៊ុច បូររិទ្ធ អនុប្រធានទី២។ នៅពេលរសៀលថ្ងៃដដែល នឹងមានរៀបចំពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែល នៅក្នុងព្រះបរមរាជវាំង។
ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលរួមចំណែកធានាឱ្យមានសុវត្ថិភាពគតិយុត្តិតាមរយៈការពិនិត្យ និងអនុម័តច្បាប់ ជាពិសេសព្រឹទ្ធសភាគឺជាចង្កូត និងជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន។
ព្រឹទ្ធសភានៃនីតិកាលនីមួយៗត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត។ សមាជិកព្រឹទ្ធសភាមានចំនួនស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា។ ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន។
ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕