ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អឺអិណុ អាហ្សឺហ្ស៉ី ( UENO Atsushi ) នៅថ្ងៃទី០២ ខែមេសានេះ បានទៅអបអរសាទរ សម្តេច ហ៊ុន សែន ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃស្អែកនេះ។ ការអបអរនេះធ្វើឡើងក្នុងឱកាសដែលសម្តេច ហ៊ុន សែន អនុញ្ញាតឱ្យ លោក អឺអិណុ អាហ្សឺហ្ស៉ី ចូលសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ។
លោកឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោ បានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឲ្យ លោកបានជួបសម្ដែងការគួរសមនៅពេលនេះ ហើយសង្ឃឹមថានឹងបានជួបជាមួយ សម្តេច ជាបន្តបន្ទាប់ទៀតនៅពេល សម្តេចធ្វើជាប្រធានព្រឹទ្ធសភា។លោកសូមអបអរសាទរចំពោះ សម្តេច ហ៊ុន សែន ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និង កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
សម្តេច ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកឯកអគ្គរាជទូត ដែលបានឆ្លៀតពេលបានអបអរ សម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។សម្ដេច បានគូសបញ្ជាក់ថា នៅពេលដែល សម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេច នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនឲ្យកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី០៣ ខែមេសា ស្អែកនេះ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។ បេក្ខភាពថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភាដែលនឹងត្រូវជ្រើសតាំង រួមមាន សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ប្រាក់ សុខុន អនុប្រធានទី១ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២។
ការបោះឆ្នោតនេះធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រជាច្រើននៅក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥កុម្ភៈកន្លងទៅ។ ហើយការពីម្សិលមិញនេះសម្តេច ហ៊ុន សែន បានថ្លែងសារជាលើកចុងក្រោយលារដ្ឋសភាកម្ពុជា ដែលសម្តេចធ្លាប់បានបំពេញការងារអស់រយៈពេល៤៥ឆ្នាំ ក្នុងបម្រើដល់ប្រជាពលរដ្ឋ និង ប្រទេសជាតិ៕