ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាហើយ ដើម្បីទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
តាមរយៈលិខិតលាលែងពីសមាជិករដ្ឋសភា ដាក់ជូនសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន សម្តេចមហារដ្ឋសភា ធិការធិបតី ប្រធានរដ្ឋសភា ជ្រាបថា ដោយខ្ញុំត្រូវជាប់ទៅបំពេញភារកិច្ចថ្មី ដូច្នេះសូម សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យខ្ញុំបានលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី ៧ ចាប់ពី ពេលនេះតទៅដោយសេចក្ដីអនុគ្រោះ»។
សូមជម្រាបថា សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី ១ មេសា ឆ្នាំ២០២៤ បានសរសេរសារចុងក្រោយ លាវិមានរដ្ឋសភាកម្ពុជា ក្រោយសម្តេចបានចំណាយពេលជាងពាក់កណ្តាលជីវិត ដើម្បីការងារជួយប្រជាពលរដ្ឋ ជាពិសេសបម្រើមាតុភូមិកម្ពុជា។ សារជាប្រវត្តិសាស្ត្ររបស់សម្តេច ហ៊ុន សែន នេះត្រូវកត់ត្រាទុកក្នុងបញ្ជីវត្តមានអ្នកតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា។
នៅក្នុងសារនោះ សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និង ធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២ មេសា ឆ្នាំ២០២៤»។