សៀមរាប៖បច្ចុប្បន្ននេះ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីបានយ៉ាងល្អ បន្តជួយចូលរួលថែរក្សា និង ការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និង បានក្លាយជាកម្មករជំនាញតាមផ្នែកដូចជា៖ ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និង ស្វែងរកថ្មជាដើម។
លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និង លោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន ដែលកំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាតបាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។
លោក ព្រាន ដូរ ជាកម្មករជំនាញស្វែងរកថ្ម បានឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ដែលកំពុងស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និង ចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញ។ ចំពោះរៀបចំនេះ លោកបានបង្ហាញពីបញ្ហាចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ដើម្បីស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបាន ទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរកជាងគេ គឺថ្មដែលមានក្បាច់។
ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្ម លើកឡើងថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញ ពិតជាមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។ លោក តប់ តង ក៏បានបង្ហាញឆន្ទៈមុតមាំ ក្នុងនាមលោកជាអ្នកទទួលខុសត្រូវលើការងាររកថ្ម គឺលោកនឹងបន្តខិតខំប្រើជំនាញ និង ទេពកោសល្យឱ្យអស់ពីកម្លាំងកាយចិត្តរបស់លោក ដើម្បីជួយសង្គ្រោះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្រុកអង្គរ បានចូលរួមជួសជុល ថែរក្សាប្រាសាទបុរាណកន្លងមក អ្នកខ្លះមានគ្រួសារជាអ្នកជួសជុលអង្គរអស់ជាច្រើនជំនាន់មកហើយ ដោយបន្តតាំងពីជំនាន់ជីតា ដល់ឪពុក រហូតកូនៗ ហើយពួកគាត់សប្បាយចិត្តនឹងការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សាកេរដូនតាឱ្យនៅគង់វង្សជាបន្តទៀតបន្តពីមួយជំនាន់ទៅមួយជំនាន់៕