ភ្នំពេញ៖ អង្គការអុកស្វាម បានលើកលើកយកនូវសំណើរចំនួន ៥ ដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។ នេះបើតាមប្រសាសន៍លោកស្រី ភាណ សោភ័ណ នាយិកា អង្គការអុកស្វាម បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «របបសន្តិសុខសង្កមនៅកម្ពុជា ជូនដល់អ្នកសារព័ត៌មានជាតិ» នាថ្ងៃទី២១ មីនា នេះ។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ លោកស្រី ភាណ សោភ័ណ មានប្រសាសន៍ថា កិច្ចសហការជាមួយបេឡាជាតិសន្តិសុខសង្គម អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការអុកស្វាម និងបណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា បានផ្តួចផ្តើមរៀបចំវេទិកាថ្នាក់តំបន់ជាបន្តបន្ទាប់នៅតាមតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ របស់កម្ពុជារួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងទីក្រុងភ្នំពេញ។ វេទិកាថ្នាក់តំបន់ទាំងនោះ បានបង្កើតឱកាសដល់ដល់និយ័តករ និងប្រតិបត្តិករបបសន្តិសុខសង្គម ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិតគ្រប់វិស័យ តំណាងក្រសួង-មន្ទីរមកពីខេត្តនានា ធ្វើការពិភាក្សា លើកពីកង្វល់ និងឆ្លើយតប ជាពិសេសនោះ គឺរួមគ្នាត្រិះរិះស្វែងរកដំណោះស្រាយសមស្របក្នុងន័យដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។
ជាមួយគ្នានោះ លោកស្រី ភាណ សោភ័ណ បានលើកយកសំណូមពរចម្បងៗ មួយចំនួន ៥ ដែលទទួលបានពីវេទិកាថ្នាក់តំបន់នោះ។ នៅក្នុងការស្នើសុំទាង៥នោះរួមមានពង្រីកការទទួលបានប័ណ្ណសមាជិក ប.ស.ស. ក្នុងចំណោមកម្មករនិយោជិត ដោយធ្វើការពង្រឹងយន្តការជំរុញ និងតាមដានការចុះបញ្ជីការ និងបង់ភាគទាន ប.ស.ស. ក្នុងចំណោមនិយោជក (ឬថៅកែ) ដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កសិឧស្សាហកម្ម សំណង់ និងកម្មករនិយោជិតក្នុងវិស័យដឹកជញ្ជូន និងសេវាកម្ម។
បន្ថែមពីនេះ គឺពង្រឹងបរិយាបន្នភាព និងការទ្រទ្រង់ តាមរយៈការពង្រីកដែនគ្រប់ដណ្តប់ និងបង្កើនកញ្ចប់អត្ថប្រយោជន៏របបសន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋ និងសមាជិកទាន។ ជាពិសេស ពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជក តាមរយៈយុទ្ធនាការផ្សព្វផ្សាយ វេទិកាសាធារណៈ និងប្រចាំឆ្នាំ ជាពិសេស គឺការដាក់បញ្ចូលគោលនយោបាយគាំពារសង្គម ទៅក្នុងកម្មវិធីសិក្សានៅកម្រិតណាមួយ។
លើសពីនេះ គឺការពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាគោលនយោបាយ រវាងនិយតករ និងប្រតិបត្តិករ នៃរបសន្តិសុខសង្គម ជាមួយតំណាងអង្គការសង្គមស៊ីវិលថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលមាន សារៈសំខាន់ ដល់ការតាក់តែងគោលនយោបាយរបបសន្តិសុខសង្គមសង្គម ឱ្យបានទូលំទូលាយ ឆ្លើយតបយេនឌ័រ និងប្រកបដោយបរិយាបន្ន។ ស្នើសុំពង្រឹងយន្តការគណនេយ្យភាពសង្គម, យន្តការទិតៀន និងឆ្លើយតប ក្នុងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងទំនុកចិត្ត និងដំណោះស្រាយដល់អ្នកប្រើប្រាស់។