Cc time web banner 054637

រដ្ឋាភិបាលសម្រេចអនុម័ត“សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ”សម្រាប់បម្រើរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី 

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បានចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ” ដោយសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួនលើសេចក្ដីព្រាងច្បាប់នេះ។ នេះបើតាមហ្វេសប៊ុក ផ្លូវការ របស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្ងៃ ០៤ កញ្ញា ឆ្នាំ២០២០។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍យ៉ាងដូច្នេះថា មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឱ្យរាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកបានបញ្ជាក់អំពី យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣ នៅតែបន្តអនុវត្តគោលការណ៍គន្លឹះទាំង៤ រួមមាន ការខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ ខ្ចីសម្រាប់វិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្មនិងប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

ជាមួយគ្នានេះ កម្ពុជាមាននូវសមត្ថភាពខ្ចីខ្ពស់ជាងមុន និងមានឱកាសខ្ចីបានថោក ដោយមាននូវដៃគូអភិវឌ្ឍន៍ជាច្រើនត្រៀមផ្តល់កិច្ចសហប្រតិបត្តិការ ដោយឈរលើកត្តាអនុគ្រោះនៃ “លទ្ធផលខ្ចីខ្ពស់ជាមួយនឹងអត្រាការប្រាក់ថោក” នេះជាការបោះផ្សាយមូលបត្ររដ្ឋ។

លោកផៃ ស៊ីផាន បានឱ្យដឹងទៀតថា សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋថ្មីនេះ ជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយមួយ និងស្របតាមតម្រូវការនៃតថភាពជាក់ស្ដែង ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន សម្រាប់អនុញ្ញាតប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុជាមូលបត្ររដ្ឋនេះ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមពីវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ ឆ្លើយតបបានទៅនឹងតម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លក្ខណៈពិសេសនៃច្បាប់ស្តីពីមូលបត្ររដ្ឋ(ថ្មី) មានវិសាលភាពអនុវត្តចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋដែលបោះផ្សាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ដោយបោះផ្សាយមូលបត្ររដ្ឋជាសិទ្ធិអំណាចផ្តាច់មុខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨ ដូចនេះ សេចក្តីព្រាងច្បាប់ថ្មីនេះ គឺបានផ្តល់សិទ្ធិអំណាចតាមរយៈការចាត់ឱ្យមានការផ្សាយលក់មូលបត្ររដ្ឋ។

មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់ថ្មីនេះ បានធ្វើការកែសម្រួលនូវយន្តការពាក់ព័ន្ធនឹងការបោះផ្សាយនិងការជួយដូរមូលបត្ររដ្ឋ ដែលត្រូវកំណត់ដោយប្រកាសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមករណីជាក់ស្ដែងនីមួយៗដោយមិនតម្រូវកំណត់អនុក្រឹត្យនោះទេ ដោយហេតុថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ឆ្នាំ២០០៨)បានប្រគល់សិទ្ធិ និងអំណាច លើការគ្រប់គ្រងចំណូល-ចំណាយសាធារណៈ និងការបោះផ្សាយមូលបត្ររដ្ឋនេះ ហើយការចេញត្រឹមប្រកាស ក្រោយពីបានគោលការណ៍ ដើម្បីកំណត់ពីយន្តការជាក់ស្ដែងនានា។

លោកផៃ ស៊ីផាន ក៏បានបញ្ជាក់ពីគោលបំណង នៃច្បាប់នេះ ពោលគឺផ្តល់នូវក្របខណ្ឌរួមសម្រាប់គ្រប់គ្រងការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព ព្រមទាំងធានាបាននូវចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈសំដៅរួមចំណែក ការពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម អភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងទៀត

វិសាលភាព ហើយច្បាប់នេះអនុវត្តចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋនៅក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង