ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៤ មិថុនានេះ បានដាក់ចេញនូវវិធានការណ៍ផ្តល់ជំនួយសាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩។សម្រាប់គ្រួសារក្រីក្រដែលរស់នៅក្នុងរាជធានីភ្នំពេញ ប្រសិនបើមានសមាជិកគ្រួសារចំនួន ៦ នាក់ក្នុងនោះបើមានមនុស្សចាស់ពីរនាក់និងកូនក្មេងពីរនាក់ អាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋសរុបប្រមាណ ១៤៨ ដុល្លារក្នុងមួយខែ។
យោងតាមខ្លឹមសារក្នុងពិធីប្រកាសពីវិធានការណ៍ផ្តល់ជំនួយសង្គ្រោះដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដែលជួបវិបត្តិក្នុងអំឡុងពេលកូវីដ១៩ ក្នុងថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឱ្យដឹងថា៖ «ការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រពិតប្រាកដ គឺដើម្បី ទទួលបានអត្ថប្រយោជន៍ពិតប្រាកដ ក្នុងដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ»។
បើតាមខ្លឹមសារដដែល បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះត្រូវតែមាន«ប័ណ្ឌបញ្ជាក់ភាពក្រីក្រ»ដើម្បីទទួលបានថវិកាសង្គ្រោះពីរដ្ឋាភិបាល។ ដោយឡែក ប័ណ្ឌភាពក្រីក្រមានពីរប្រភេទគឺ« ក្រីក្រកម្រិត ក្រ១» និង« ក្រីក្រកម្រិត ក្រ២» ដោយបែងចែកជាបីតំបន់ដូចជា គ្រួសារក្រីក្រនៅភ្នំពេញ គ្រួសារក្រីក្រនៅក្រៅក្រុងភ្នំពេញ និងគ្រួសារក្រីក្រនៅទីជនបទ ហើយចំនួនប្រាក់ឧបត្ថម្ភគឺបែកចែកទៅតាមកម្រិត និងស្ថានភាពដែលនៅក្នុងលក្ខខណ្ឌ។
សម្រាប់គ្រួសារក្រីក្រកម្រិត «ក្រ១» ដែលរស់នៅកណ្តាលរាជធានីភ្នំពេញគ្រួសារនីមួយៗនឹងទទួលបានប្រាក់ចំនួន ១២០.០០០ម៉ឺនរៀល (ប្រហែល ៣០ ដុល្លារអាមេរិក) ក្នុងមួយខែ។ ប្រសិនបើមានសមាជិកគ្រួសារ ៦ នាក់សមាជិកម្នាក់ៗនឹងទទួលបានប្រាក់បន្ថែម ៥២.០០០ម៉ឺនរៀល (ប្រហែល ១៣ ដុល្លារអាមេរិក) ហើយប្រសិនបើមានសមាជិកពីរនាក់ដែលជាកុមារអាយុក្រោម ៥ ឆ្នាំសមាជិកម្នាក់ៗនឹងទទួលបានប្រាក់បន្ថែម ៤ ម៉ឺនរៀល (ប្រហែល ១០ ដុល្លារអាមេរិក) ។
ឧទាហរណ៍៖ ប្រសិនបើក្នុងគ្រួសារក្រីក្រនោះមានសមាជិកចំនួន៦នាក់ ក្នុងនោះមានមនុស្សចាស់ដែលមានអាយុលើសពី៦០ឆ្នាំ និងក្មេងក្រោម៥ឆ្នាំ ឬជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ អាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋសរុបប្រមាណ ១៤៨ ដុល្លារក្នុងមួយខែ។
សម្រាប់គ្រួសារក្រីក្រកម្រិត «ក្រ២» ដែលរស់នៅកណ្ដាលក្រុងភ្នំពេញ ក្នុងមួយគ្រួសារ ទទួលបានប្រាក់ចំនួន ១២០ ០០០ម៉ឺនរៀលបូកបន្ថែម ៣៦ ០០០ម៉ឺនរៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០ម៉ឺនរៀលទៀត សម្រាប់សមាជិកគ្រួសារដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង អ្នកផ្ទុកមេរោគអេដស៍។
សម្រា់បគ្រួសារក្រីក្រកម្រិត«ក្រ១ និង ក្រ២» ដែលរស់នៅទីប្រជុំក្រៅពីរាជធានីភ្នំពេញ ទទួលបានប្រាក់ឧបត្ថម្ភ ខុសគ្នាបន្តិចបន្តួចពីទីក្រុងភ្នំពេញពោលគឺសមាជិកគ្រួសារនីមួយៗទទួលបាន ១០ ដុល្លារនិង ៧ ដុល្លាររៀងៗខ្លួន។
ដោយឡែក ពលរដ្ឋដែលរស់នៅតាមតំបន់ជនបទគ្រួសារក្រីក្រកម្រិត«ក្រ១ និង ក្រ២» គ្រួសារនីមួយៗនឹងទទួលបានប្រាក់ ៨០,០០០ម៉ឺនរៀល(ប្រហែល ២០ ដុល្លារអាមេរិក) ។ប្រសិនបើសមាជិកគ្រួសារមានកូនអាយុក្រោម ៥ ឆ្នាំ ជនពិការចាស់ជរា និង អ្នកមានជំងឺអេដស៍ម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៦ ដុល្លារនិង ៤ ដុល្លាររៀងៗខ្លួន។
សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភប្រាក់ជូនដល់គ្រួសារក្រីក្រនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយសម្រួលដោះស្រាយការលំបាករបស់ប្រជាជន ក្នុងរយៈពេលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប៉ុន្តែក៏ត្រូវតែចៀសវាងឱ្យបានផងដែរនូវការបង្កើតឡើងនូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុង ទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល៕