Cctimesw1140xh150cm copy

ពលរដ្ឋថៃមួយក្រុមតវ៉ាបារម្ភបាត់ដីមកកម្ពុជា«តំបន់ប្រេងត្រួតស៊ីគ្នា»ក្រោយដំណើរទស្សនកិច្ចសម្តេចហ៊ុនសែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមអ្នកតវ៉ាជាតិនិយមថៃ នៅថ្ងៃទី ២៨ កុម្ភៈ រូបភាព៖ The Nation 

ថៃ៖ក្រុមអ្នកតវ៉ាជាតិនិយមថៃ នៅថ្ងៃទី ២៨ កុម្ភៈម្សិលមិញ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅមុខកងទ័ពជើងទឹកថៃ ដើម្បីស្នើឱ្យប្រកាន់ជំហរការពារដែនអធិបតេយ្យភាពនៅក្នុងកិច្ចចរចាបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា (OCA)។ការចេញតវ៉ានេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើដំណើរទៅសួរសុខទុក្ខលោកថាក់ ស៊ីន។

សម្រាប់ក្រុមអ្នកតវ៉ាបានសម្តែងក្តីបារម្ភថា ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅប្រទេសថៃ កាលពីថ្ងៃទី ២១ ខែកុម្ភៈ អាចជាការព្យាយាមដោះដូរផលប្រយោជន៍ជាតិជាមួយកម្ពុជា តាមរយៈកិច្ចចរចាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ខណៈដែលរដ្ឋាភិបាលថៃដែលដឹកនាំដោយបក្សភឿថៃកំពុងស្ថិតក្រោមឥទ្ធិពលរបស់ត្រកូលថាក់ស៊ីន ហើយស្និតជាមួយថ្នាក់ដឹកនាំកម្ពុជា។

 យោងតាមខ្លឹមសារនៃញត្តិ ក្រុមអ្នកជាតិនិយមថៃ បានទទូចស្នើសុំដល់ អង្គភាពកងទ័ពជើងទឹកថៃ កុំបន្ទន់ជំហរចរចាជាមួយកម្ពុជាលើបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ និង ថែមទាំងប្រកាសមិនទទួលស្គាល់ដាច់ខាតនូវអនុស្សារណៈយោគយល់ កិច្ចចរចាអភិវឌ្ឍប្រេង និង ឧស្ម័ននៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃថែមទៀតផង។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី ៧ ខែកុម្ភៈ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជា និងថៃ បានឯកភាពគ្នាដោះស្រាយចំណុចជាប់គាំងជាង២០ឆ្នាំដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួមនៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត សម្រាប់ប្រយោជន៍សេដ្ឋកិច្ចជាតិ។សម្រាប់កម្ពុជា តំបន់ប្រេងត្រួតស៊ីគ្នា ទំហំ ២៦ ០០០គីឡូម៉ែត្រការ៉េនឹងទាញបានជាផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដល់ប្រទេសទាំងពីរនៅក្រោយការចរចាចប់។

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២១ កុម្ភៈ សម្តេចបានបញ្ជាក់ថា ជាដំណើរទស្សនកិច្ចបងប្រុសធម៌តែប៉ុណ្ណោះ និង មិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់ថ្នាក់ដឹកនាំទាំងពីរតាំងពីឆ្នាំ ១៩៩២៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង