ភ្នំពេញ៖រដ្ឋសភាកម្ពុជា នៅថ្ងៃទី ២១ កុម្ភៈនេះ បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប ក្នុងនោះមានលោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេច ហ៊ុន សែន ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង មន្ត្រីជាន់ខ្ពស់២រូបទៀត។ក្នុងកិច្ចប្រជុំនោះ សមាជិករដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងលោក ហ៊ុន ម៉ានី «ឧបនាយករដ្ឋមន្ត្រី»។
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប លោក ហ៊ុន ម៉ានី លោក ស្រី ថាមរុង្គ និង លោក ប៉ែន វិបុល។
ជាលទ្ធផលសមាជិករដ្ឋសភាចំនួន១២០រូប បានលើកដៃបោះឆ្នោតគាំទ្របេក្ខភាពលោក ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី លោក ស្រី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី និង លោក ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ការបោះឆ្នោតតែងតាំងនេះទទួលបានគាំទ្រទាំងស្រុងនៃសមាជិករដ្ឋសភាទាំងមូល។
លោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេច ហ៊ុន សែន បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានក្លាយជា«ឧបនាយករដ្ឋមន្ត្រី »មានវ័យក្មេងជាងគេក្នុងជួររាជរដ្ឋាភិបាល។លោកបានរួមចំណែក និងបានចូលរួមសកម្មភាពជាច្រើន ក្នុងការដឹកនាំយុវជនដើម្បីសង្គមជាតិ និងប្រជាជនកម្ពុជា តាមរយៈកិច្ចការស្ម័គ្រចិត្ត និង មនុស្សធម៌។
ការទទួលបាននូវការផ្តល់សេចក្តីទុកចិត្ត ហើយនឹងទទួលភារកិច្ចក្នុងការដឹកនាំស្ថាប័នមុខងារសាធារណៈឲ្យកាន់តែរឹងមាំ បំពេញតួនាទី និងអនុវត្តគ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលគ្រប់កម្រិត សំដៅប្រសិទ្ធភាពខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការធ្វើកំណែទម្រង់មន្ត្រី និងលើក កម្ពស់សមត្ថភាព៕