ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នៅថ្ងៃទី១៤មករា បានប្រកាសជំហររបស់ខ្លួនជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ«គោលនយោបាយចិនមួយ»។ ការប្រកាសនេះធ្វើឡើងក្រោយពេលដែលកោះតៃវ៉ាន់ទើបតែបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី កាលពីថ្ងៃទី១៣មករា។ ជាលទ្ធផលគឺលោក Lai Ching-te បានជាប់ឆ្នោតជាមេដឹកនាំកោះតៃវ៉ាន់ថ្មី ដែលគេស្គាល់ថាជាមនុស្សម្នាក់ប្រឆាំងនឹងចិន ហើយក៏អាចជាមេដឹកនាំប្រកាសឯករាជ្យរបស់តៃវ៉ាន់ ធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយចិនមួយ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានប្រកាសថា ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ ក្រសួងការបរទេសកម្ពុជា បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ«គោលនយោបាយចិន មួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិនទាំងមូល។
ការបញ្ជាក់ជាថ្មីរបស់កម្ពុជា ដែលជាមិត្តដែកថែបចិននេះ បន្ទាប់ពីកោះតៃវ៉ាន់កាលពីថ្ងៃ១៣ ខែមករា បានរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ ការឡើងកាន់តំណែងរបស់កោះតៃវ៉ាន់ថ្មីនេះ គឺជាក្តីបារម្ភរបស់ចិន ដែលប៉ះពាល់ដល់គោលនយោបាយចិនមួយ ហើយចិន និងតៃវ៉ាន់ អាចនឹងកើតមានសង្រ្គាម ប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យពីចិន។
គួរបញ្ជាក់ថា តៃវ៉ាន់បានបែកចេញពីចិន ចាប់តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ តែចិនមិនបានបោះបង់ផែនការបង្រួម ទឹកដីឡើងវិញឡើយ។ ប៉ុន្តែ អស់រយៈពេលរាប់សិបឆ្នាំមកនេះ ចិននៅតែរាករែកចិត្តបើកការវាយប្រហារលើ កោះតៃវ៉ាន់ ដោយសារហេតុផលនយោបាយជាច្រើន ជាពិសេសគឺខា្លចសង្រ្គាមរុញច្រានឱ្យខ្លួនត្រូវប្រឈមមុខ ជាមួយអាម៉េរិកដោយផ្ទាល់ ខណៈគេក៏មិនទាន់ជឿជាក់១០០ភាគរយថាទីក្រុងវ៉ាស៊ីនតោននឹងចូល ជួយតៃវ៉ាន់ដែរ៕