
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះបានប្រកាសនូវយុទ្ធនាការចំនួន២បន្ថែម គឺទី១ យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ទី២ យុទ្ធនាការ ត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ក្នុងយុទ្ធនាការនេះ ក្រសួងយុត្តិធម៌ ក៏បានប្រកាសវះកាត់ចំពោះចៅក្រម ព្រះរាជអាជ្ញាណាដែលមិនប្រកាន់ខ្ជាប់វិជ្ជាជីវៈ។
ការអនុវត្តយុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនារការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នឹងផ្តោសំខាន់លើ សំណុំរឿងក្ដីចំនួន ៣ គឺ សំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន, សំណុំរឿងពាក់ព័ន្ធនឹងចរាចរណ៍ និង សំណុំរឿងពាក់ព័ន្ធនឹង អត្រានុកូលដ្ឋាន។នេះបើយោងតាមការអះអាងរបស់លោក កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មាន។
បើតាមលោក កើត រិទ្ធ ប្រសិនបើប្រជាពលរដ្ឋណារងនូវភាព អយុត្តិធម៌ពីតុលាការ គឺអាចទាក់ទងមកកាន់យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតី នៅតាមតាលាការ ដែលរៀបចំឡើង ដោយក្រសួងយុត្តិធម៌។លោកបានព្រមានរាល់មន្ត្រីតុលាការដែលមានដូចជា ព្រះរាជអាជ្ញា និងចៅក្រមជាដើម ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ជាពិសេសតម្លាភាព ម៉ឺងម៉ាត់ និងភាព ត្រឹមត្រូវទទួលខុសត្រូវ បើមិនដូច្នេះទេ នឹងទទួលរងនូវអភិក្រមចុងក្រោយ គឺវះកាត់។
គួរបញ្ជាក់ថា បច្ចុប្បន្នមានសំណុំរឿងប្រមាណ៦ពាន់ករណីស្នើនឹងប្រមាណ ២៣ ភាគរយនៃសំណុំរឿងរដ្ឋប្បវេណីទាំងអស់។លោកបានចោទជាសំណួរថា ការធ្វើអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ហើយមានការខុសឆ្គង់ ជាពិសេសការសរសេរឈ្មោះរបស់ពួកគាត់ខុស តើវាកើតចេញពីប្រជាពលរដ្ឋឬជាកំហុសអ្នកណា ខណៈអត្រានុកូលដ្ឋាននេះគឺជាឯកសារចាំបាច់បំផុតសម្រាប់ពួកគាត់ក្នុងការធ្វើអ្វីមួយនោះ។
ក្រសួងយុត្តិធម៌មានស្នើឱ្យស្នើចៅក្រម និង សាលាជម្រះក្ដីត្រូវមានក្រុមការងារទទួលខុសត្រូវចំពោះរឿងនេះ ហើយត្រូវដោះស្រាយឱ្យបានលឿន និងត្រឹមត្រូវ។ចំណែកសំណុំរឿងក្នុងតុលាការបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដូច្នេះតុលាការទាំងអស់ត្រូវតែធ្វើការដោះស្រាយឲ្យបានឆាប់រហ័សបំផុតដោយមិនត្រូវទុកឲ្យរឿងក្តីនៅបន្តរាំរៃទៀតនោះឡើយ។ជាមួយគ្នានោះ ក្រសួងយុត្តិធម៌នឹងពន្លឿនធ្វើការដោះស្រាយសំណុំរឿងក្រៅប្រពន្ធតុលាការ និង សំណុំរឿងកកស្ទះនៅតាមតុលាការឲ្យបានឆាប់រហ័សបំផុត និង ប្រកបដោយយុត្តិធម៌។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ដែលត្រូវបានប្រកាសផ្សាយដោយអង្គការតម្លាភាពអន្តរជាតិកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានពិន្ទុចំនួន២៤ ស្ថិតនៅលេខរៀងទី១៥០ក្នុងចំណោមប្រទេស១៨០លើពិភពលោក ខណៈមីយ៉ាន់ម៉ាស្ថិតនៅលេខរៀងទី១៥៧ ចំណែកកូរ៉េខាងជើងលេខ១៧១។
បើតាមរបាយការណ៍ មូលហេតុដែលកម្ពុជានៅតែទទួលបានពិន្ទុទាប និង ស្ថិតក្នុងលេខរៀងអំពើពុករលួយខ្ពស់គឺដោយសារកម្ពុជាមានអំពើពុករលួយក្នុងវិស័យសាធារណៈ ជាពិសេសប្រព័ន្ធតុលាការ ដែលប្រព័ន្ធប្រទាក់ក្រឡាគ្នារវាងអ្នកមានអំណាច និងអ្នករកស៊ី ដែលប្រើប្រាស់អំណាចខុស ដើម្បីបានប្រយោជន៍ឯកជន ប្រយោជន៍ខ្លួនឯង៕