ភ្នំពេញ៖៧ មករា ឆ្នាំ២០២៤នេះ គឺជាខួប៤៥ឆ្នាំដែលប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឬប៉ុល ពត ដែលរបបនេះបានសម្លាប់ប្រជាជនខ្លួនឯងអស់ជាង៣លាននាក់។ការផ្តួលរំលំរបបខ្មែរក្រហមនេះ គឺកើតចេញពីការតស៊ូប្រឆាំងដោយ៣ភាគី គឺសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេច ហេង សំរិន សម្តេច ជា ស៊ីម ហើយបង្កើតបាន«កំណើតទី២របស់កម្ពុជា»។
ក្រោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០របស់លន់ នល់ ដែលមានអាម៉េរិកនៅពីក្រោយបានបំផ្លាញសន្តិភាពរបស់កម្ពុជា ហើយនាំឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមឡើងវិញដែលបានបំផ្លាញសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណីជាតិខ្មែរ ហើយបានសម្លាប់ប្រជាជនកម្ពុជាអស់ជិត១លាននាក់។
របបលោកសេនាប្រមុខលន់ នល់ ត្រូវបានក្រុមខ្មែរក្រហម ធ្វើរដ្ឋប្រហារផ្តួលរំលំនៅថ្ងៃទី ១៧ មេសា ១៩៧៥ ជាមួយក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជាថា ប្រទេសកម្ពុជានឹងរស់ឡើងវិញ ប៉ុន្តែក្តីសង្ឃឹមនេះត្រូវបានរលាយទៅវិញ ហើយរបបកម្ពុជាប្រជាធិបតេយ្យបានចូលជំនួសវិញ ប្រទេសកម្ពុជាក្លាយជាគុកគ្មានជញ្ជាំង និង ជាវាលពិឃាត ប្រជាជនរស់នៅដោយទុក្ខវេទនា គ្មានសិទ្ធិសេរីភាព កិត្តិយស។ក្នុងរបប៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនេះ បានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់។
នៅឆ្នាំ១៩៧៧ ចលនាតស៊ូមួយបានកើតឡើង ដោយសម្តេច ហ៊ុន សែន បានធ្វើដំណើរចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការជួយគាំទ្រក្នុងការតស៊ូរំដោះជាតិកម្ពុជា។កម្លាំងសាមគ្គីរំដោះជាតិមួយបានកើតឡើង នៅថ្ងៃទី ១២ ឧសភាឆ្នាំ១៩៧៨។កម្លាំងនេះបានចាប់គ្នាជាមួយប្រជាជនទូទាំងប្រទេសនៅភូមិភាគបូព៌ាដែលមានសម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម ក្រោកឈរប្រឆាំងនឹងរបបខ្មែរក្រហម ហើយបង្កើតឡើងនូវជ័យជម្នះថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។
ម្លោះហើយបានជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រារព្ធខួបនៃជ័យជម្នះ៧មករា ដើម្បីរំលឹកពីភាពឈឺចាប់ពីរឿងអតីតកាល ហើយជាសារដល់យុវជនជំនាន់ក្រោយចូលរួមការងារសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ន។សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ស្មារតីនៃជ័យជម្នះ៧មករានឹងចារិកក្នុងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយជាកម្លាំងនៃសាមគ្គីជាតិ ដើម្បីឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រជែងជាមួយប្រទេសជិតខាងកម្ពុជា និង ពិភពលោក៕