Yearendyearend1140x150

បារាំងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី»មានប្រទេសជាង៩០ចូលរួម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖លោក ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ស្តាំ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី ២០ ធ្នូនេះ បានប្រកាសគាំទ្រប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នៅឆ្នាំ២០២៦។ជាកិច្ចប្រជុំកំពូលរបស់ពិភពលោកដែលមានរដ្ឋាភិបាលប្រមាណជាង ៩០ប្រទេសចូលរួម។

ក្នុងកិច្ចពិភាក្សាជាមួយសម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា បារាំងនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខាភិបាល, ឌីជីថល, សេដ្ឋកិច្ច, ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ។ 

បើតាមលោក ហ្សាក់ ប៉ែលឡេ ប្រទេសបារាំងនឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នៅឆ្នាំ២០២៦ ខាងមុខ ដែលនឹងមានរដ្ឋ និងរដ្ឋាភិបាលប្រមាណជាង ៩០ នៅទូទាំងសាកលលោកចូលរួមហើយ ប្រទេសបារាំង ក៏បាន និង កំពុងត្រៀមលក្ខណៈក្នុងការទទួលស្វាគន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសបារាំង នាពេលឆាប់ៗខាងមុខនេះ ។

មិនមានការឆ្លើយតបជាគោលការណ៍ណាមួយពីរាជរដ្ឋាភិបាលកម្ពុជានៅឡើយទេ សម្តេច ហ៊ុន ម៉ាណែត​ គ្រាន់តែវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈកាលកន្លងមក និងស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមជាមួយនឹងការបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយការបរទេសមិនប្រែប្រួលឡើយ ពោលគឺបន្តនូវនិរន្តរភាព និងសង្គតិភាពនៃទំនាក់ទំនង ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង