
ភ្នំពេញ៖ សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សរុបប្រមាណជាង៤០០នាក់ នៅថ្ងៃទី ១៨ ធ្នូនេះ បាននាំគ្នាធ្វើដំណើរឡើងមកភ្នំពេញប្រមូលផ្តុំគ្នាតវ៉ានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន។
តាំងពីព្រឹកព្រលឹមគេឃើញមាន សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនពីខេត្តនានាក្នុងប្រទេសកម្ពុជាប្រមាណជាង ៤០០នាក់ បានចុះផ្លូវដើរតវ៉ាជាមួយលើបដាស្រែកតវ៉ា ដើម្បីទាមទារទម្លាក់លោក ទាវ វណ្ណុល និង លោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន រួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត។
ការចុះផ្លូវដើរតវ៉ានេះ ដោយក្រុមអ្នកគាំទ្ររបស់គណបក្សភ្លើងទៀនពន្យល់ថា លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ រួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត បានឃុបឃិតគ្នាប្រើអំណាចគណបក្ស ទៅគំរាមកំហែង និង ដកហូតតួនាទី សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្ស នៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្តយ៉ាងអយុត្តិធម៌។
បើតាមអ្នកគាំទ្រការឡើងមកភ្នំពេញតវ៉ានៅពេលនេះ គឺដោយសារភាពឈឺចាប់ដោយរឿងអយុត្តិធម៌ដែលពួកគេបានចំណាយជាច្រើនឆ្នាំទាំងពេលវេលា និង ថវិកា ជាមួយគណបក្ស តែចុងក្រោយបែរជាត្រូវបានប្រធានគណបក្សដកខ្លួនចេញពីតំណែងដោយមិនមានការពិគ្រោះយោបល់។

