សៀមរាប៖ ស្ថាប័ន GIZ អាល្លឺម៉ង់ បានបើកវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ដល់យុវជនខ្មែរ ចំនួន២០រូប នៅប្រាសាទបន្ទាយសំរ៉ែ ដើម្បីឱ្យពួកគេក្លាយជាអ្នកជំនាញជំនាន់ថ្មី សម្រាប់បន្តវេនក្នុងការអភិរក្សនិងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរ ទៅថ្ងៃអនាគត។
លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ មានប្រសាសន៍ថា គម្រោងបង្រៀនអភិរក្សថ្មនៅក្នុងតំបន់អង្គរ មានរយៈពេល២ឆ្នាំកន្លះ។ ការបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម មាន១៣វគ្គ ដែលផ្តោតសំខាន់លើការងារជួសជុល ការស្វែងយល់ពីកំណរកំណើតថ្ម យល់ដឹងអំពីការខូចខាតរបស់ថ្មដោយសារកត្តាអ្វីខ្លះ វិភាគទៅលើជំងឺរបស់ថ្ម និងសិក្សាអំពីវត្ថុធាតុ និងវិធីសាស្ត្រព្យាបាលជាដើម។
គ្រូបង្រៀនជនជាតិអាល្លឺម៉ង់កញ្ញា Helen Jacobsen សង្ឃឹមថា នៅពេល១០ឆ្នាំខាងមុខទៀត អាជ្ញាធរជាតិអប្សរានឹងមានអ្នកជំនាញផ្នែកព្យាបាលនិងអភិរក្សថ្ម កើនឡើងដែលនឹងធ្វើឱ្យការងារអភិរក្ស និងជួសជុលប្រាសាទបុរាណនានាដោយខ្មែរខ្លួនឯង ពុំចាំបាច់ពឹងផ្អែកលើអ្នកជំនាញបរទេសទៀតទេ។
សូមបញ្ជាក់ថា រយៈពេល១៥ឆ្នាំកន្លងមក អង្គការGIZ បានបណ្ដុះបណ្ដាលយុវជនខ្មែរលើជំនាញព្យាបាលនិងអភិរក្សថ្ម បានប្រមាណ៤០នាក់។ សម្រាប់ជំនាញអភិរក្សថ្ម GIZ បានបើកវគ្គបណ្តុះបណ្តាល អស់រយៈពេលពាក់កណ្តាលឆ្នាំមកហើយ បើគិតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣ ហើយថ្ងៃទី៨ ធ្នូ នេះ ក៏ជាខួបទី១៥ឆ្នាំ របស់អង្គការ GIZ ក្នុងកិច្ចសហការលើការងារអភិរក្សថ្មនិងបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរលើជំនាញនេះដូចគ្នា៕