
រដ្ឋធានីប៉េកាំង៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៩ តុលា បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ក្នុងកិច្ចពិភាក្សានេះ លោកស៊ី បានប្រាប់សម្តេច ហ៊ុន ម៉ាណែតថា លោកចង់ឃើញរីកចម្រើនរបស់ចិនក៏បានជួយផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។
ក្នុងជំនួបដែលរៀបចំឡើងនៅវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង លោក ស៊ី ជីនពីង បានផ្តាំផ្ញើរសួរសុខទុក្ខជូនដល់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាជាពិសេស ហើយបានរម្លឹកពីខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និង ជាឆ្នាំមិត្តភាពចិន-កម្ពុជា នៅឆ្នាំនេះ។
បើតាមប្រធានាធិបតីចិនរូបនេះ យល់ថា កម្ពុជានិងចិនគួរតែរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រកម្រិតខ្ពស់ និង បន្តការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។សម្រាប់លោកស៊ី បានចាត់ទុកកម្ពុជាគឺជាអ្នកចូលរួមដ៏សំខាន់ និង ជាអ្នកទទួលផលនៃគំនិតផ្តួចផ្តើម«ខ្សែក្រវ៉ាត់ និងផ្លូវ» តាមការអនុវត្តជាក់ស្តែង បានបង្ហាញអោយឃើញថា កិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" បាននាំមកឱ្យយើងនូវឱកាសអភិវឌ្ឍន៍ពិតប្រាកដ។
បន្ថែមលើពីនេះ លោក ស៊ី ជីនពីង បានអះអាងថា ចិនមានឆន្ទៈក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ពិគ្រោះយោបល់ជាមួយគ្នា ចូលរួមចំណែកជាមួយគ្នា ផ្តល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក ដើម្បីជំរុញគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"អោយស៊ីចង្វាក់ទៅនឹង "យុទ្ធសាស្ត្របញ្ចកោណ" របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រី-អង្ករ" ហើយលោកចង់ឃើញការអភិវឌ្ឍន៍របស់ប្រទេសចិន ក៏បានជួយផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាកាន់តែច្រើន។