
ភ្នំពេញ៖ អាជ្ញាធរបឹងទន្លេសាប បានបង្ហាញថា លំហូរទឹកចូលបឹងតាមទន្លេសាបមានកម្រិតទាបជាងគេនៅឆ្នាំ២០២០ ដោយសារកត្តាមួយចំនួនដូចជា សីតុណ្ហភាពកើនខ្ពស់ និងការកើនឡើងនៃតម្រូវការទឹកនៅក្នុងវិស័យផ្សេងៗទៀត។ នេះបើតាមប្រសាសន៍របស់លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២០ លំហូរទឹកចូលបឹងតាមទន្លេសាបគឺមានក្រិតទាបជាងគេ ដែលបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជាការកើនឡើងនៃតម្រូវការទឹកនៅក្នុងវិស័យនានាដូចជា នៅតាមមាត់ស្ទឹង ឬព្រែក ត្រូវការឃាត់ទឹកដើម្បីស្រោចដំណាំ ការកសាងទំនប់ទឹក និងសីតុណ្ហភាពកើនឡើងជាដើម។
លោកបានបន្តថា ដោយសង្កេតឃើញថា សីតុណ្ហភាពនៅក្នុងខែមិថុនា-កក្កដា ឆ្នាំ២០២០ គឺមានការកើនឡើងរហូតដល់៣៩-៤០ អង្សាសេ ដែលនេះជាកត្តាមួយដែលបណ្តាលឱ្យសីតុណ្ហភាពទឹកក៏មានការកើនឡើងដូចគ្នា(៣០-៣៦អង្សាសេ)។ កាលណាសីតុណ្ហភាពទឹកកើនឡើង នោះរំហួតទឹកក៏កាន់តែមានច្រើនឡើងរហូតដល់១២មម ក្នុងមួយថ្ងៃ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩៧ លំហូរទឹកចូលបឹងតាមទន្លេសាបនៅឆ្នាំ២០២០នេះមានកម្រិតទាបជាងគេ។ តាមការគណនាទឹកហូរចូលបឹងទន្លេសាបមកទល់ចុងខែកក្កដា ឆ្នាំ២០២០នេះមាន០,២៦ ពាន់លានម៉ែត្រគូប។ ធៀបនឹងកម្រិតមធ្យមច្រើនឆ្នាំក្នុងខែកក្កដា (១៦,៩៧ ពាន់លានម៉ែត្រគូប) គឺនៅទាបជាង ១៦,៧១ ពាន់លានម៉ែត្រគូប។ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩ (០,៦៨ ពាន់លានម៉ែត្រគូប) គឺនៅទាបជាង ០,៤២ ពាន់លានម៉ែត្រគូប។
មួយវិញទៀត ទឹកទន្លេនៅទាប និងភាពរាំងស្ងួតក្នុងឆ្នាំ២០២០ ដោយសារ៖ (១)តាំងពីដើមឆ្នាំ២០២០ មានភ្លៀងធ្លាក់តិចតួច ក្រោមឥទ្ធិពលនៃបាតុភូតិ អែល នីណូ ដែលបានអូសបន្លាយតាំងពីឆ្នាំ២០១៩, (២)ភាពរាំងស្ងួត និងកម្រិតទឹកទាបនៅឆ្នាំ២០១៩ បានធ្វើឲ្យផ្ទៃអាងទន្លេមេគង្គ មានសភាពស្ងួត និងទឹកស្តុកក្នុងអាងបឹងបួរ នៅសល់បរិមាណតិចតួច និង (៣)កម្រិតលំហូរទឹក តាមបណ្តាដៃទន្លេមេគង្គ ហូរចូលមកទន្លេមេ មានការធ្លាក់ចុះ៕
