ភ្នំពេញ៖ គណបក្សខ្មែរតែមួយ នៅថ្ងៃទី១១តុលានេះ បានចេញសចក្តីប្រកាសដោយចង់ធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងតាមរយៈការបោះឆ្នោតក្នុងអាណត្តិនិមួយៗ។
បើតាមសេចក្តីប្រកាសរបស់គណបក្សខ្មែរតែមួយ បានលើកឡើងថា គណបក្សខ្មែរតែមួយ មានគោលនយោបាយស្រដៀងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងជាពិសេស «តម្លៃសន្តិភាព» គឺជាវត្ថុបំណងរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការចូលរួមការពារសុខសន្តិភាពទាំងអស់គ្នា។
គណបក្សខ្មែរតែមួយ អំពាវនាវដល់គណបក្សនយោបាយនានា ដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងក្រសួងមហាផ្ទៃ សូមចូលរួមបង្កើតសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្ពោះទៅអនាគត៕
