Cctimesw1140xh150cm copy

«ពង្រូល»ត្រូវបានជួញដូរខុសច្បាប់ច្រើនបំផុតនៅអាស៊ី និងកំពុងឈានទៅរកការផុតពូជ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ WCS

កម្ពុជា៖ សត្វពង្រូល ជាប្រភេទសត្វដែលត្រូវបានជួញដូរខុសច្បាប់ច្រើនបំផុតនៅអាស៊ី ព្រោះស្រការបស់ពួកវាត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងឱសថបុរាណ និងអាហារបំប៉នសុខភាពដ៏ពេញនិយម។ ម។ ជាលទ្ធផលនៃការជួញដូរនេះ ចំនួនសត្វពង្រូលបានធ្លាក់ចុះរហូតដល់ទៅ ៨០% នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយវាត្រូវបានគេចាត់ថ្នាក់ជាប្រភេទសត្វ «ជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ។

សត្វពង្រូល ជាប្រភេទសត្វដែលត្រូវបានជួញដូរខុសច្បាប់ច្រើនបំផុតនៅអាស៊ី ព្រោះស្រការបស់ពួកវាត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងឱសថបុរាណ និងអាហារបំប៉នសុខភាពដ៏ពេញនិយម។ ជាលទ្ធផលនៃការជួញដូរនេះ ចំនួនសត្វពង្រូលបានធ្លាក់ចុះ ហើយវាត្រូវបានគេចាត់ថ្នាក់ជាប្រភេទសត្វ «ជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ។ នាពេលបច្ចុប្បន្ននេះ គេកម្រនឹងបានឃើញសត្វពង្រូលនេះណាស់ ហើយក៏មិនមានការប៉ាន់ស្មានពីចំនួនពិតប្រាកដរបស់វានៅក្នុងប្រទេសកម្ពុជាដែរ។

ការជួញដូរសត្វពង្រូល ត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាអន្តរជាតិ ហើយវាក៏ខុសច្បាប់ផងដែរក្នុងការបរបាញ់ រក្សាទុក និងជួញដូរប្រភេទថនិកសត្វនេះក្រោមច្បាប់របស់ប្រទេសកម្ពុជា។ វីដេអូនៃសត្វពង្រូលដែលថតជាប់ដោយកាមេរ៉ាស្វ័យប្រវត្តិ ផ្តល់ក្តីសង្ឃឹមដ៏មុតមាំថា កម្ពុជានៅមានឱកាសក្នុងការពារប្រភេទសត្វពង្រូលនេះមិនឱ្យផុតពូជបាន។

សត្វពង្រូល គឺជាប្រភេទថនិកសត្វជិតផុតពូជបំផុត ដែលត្រូវបានគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជាក្នុងចំណោមប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពង្រូលជាសត្វមានអណ្តាតវែងស្អិត ដែលអំណោយផលយ៉ាងល្អក្នុងការចាប់យកសត្វស្រមោច កណ្តៀរ និងសត្វល្អិតដទៃទៀតជាអាហារបានយ៉ាងងាយស្រួលដោយវាស៊ីសត្វល្អិតដល់ទៅ៧០លានក្នុងមួយឆ្នាំ។ ជាធម្មតា កូនសត្វពង្រូលតោងកន្ទុយមេរបស់វារយៈពេលបីខែដំបូងរហូតដល់កូនពង្រូលដុះស្រការឹងមាំ។ ជាពិសេស សត្វពង្រូលក៏អាចហែលទឹកឆ្ងាយៗបានយ៉ាងល្អផងដែរ។

តួខ្លួនរបស់សត្វពង្រូលគ្រប់ដណ្តប់ទៅដោយស្រកាដ៏ក្រាស់ ដែលផ្តល់ជាខែលសម្រាប់ការពារខ្លួនរបស់វាផងដែរ។ នៅពេលដែលវាទទួលរងការវាយប្រហារ សត្វពង្រូលតែងរមួលខ្លួនឲ្យមានរាងមូលដូចជាបាល់ដើម្បីការពារពោះរបស់វាដែលជាចំណុចងាយរងគ្រោះ ហើយស្រការបស់វាបានធ្វើជាខែលដ៏រឹងមាំ ដើម្បីការពារខ្លួនពីសត្វប្រមាញ់ផ្សេងៗ ដូចជាខ្លារខិនជាដើម។ ប៉ុន្តែយុទ្ធសាស្ត្រការពារខ្លួនបែបនេះ បានធ្វើឱ្យសត្វពង្រូលបែជាងាយរងគ្រោះពេលជួបមនុស្សទៅវិញ ដោយមនុស្សអាចចាប់រើសវាបានយ៉ាងងាយនៅពេលគេប្រទះឃើញវា។ កត្តានេះក៏បានធ្វើឱ្យសត្វពង្រូលងាយរងគ្រោះជាងគេក្នុងការជួញដូរសត្វព្រៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង