អាម៉េរិក៖ សហរដ្ឋអាម៉េរិក ប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយរវាងប្រទេសទាំងពីរ ។ បន្ថែមពីលើនោះ អាម៉េរិកក៏បានប្រកាសបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជាឡើងវិញផងដែរ។ ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត ជាមួយលោកស្រី វ៉ិច តូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាម៉េរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងជំនួបនោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេច ហ៊ុន ម៉ាណែត ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨។ លោកស្រី ក៏បាន អបអរសាទរចំពោះការជ្រើសតាំងសម្តេច ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាល ទី៧ នៃរដ្ឋសភាផងដែរ។
លោកស្រី វ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា អាម៉េរិកស្វាគមន៍ឱកាសពង្រីក កិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងអាម៉េរិកតាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្តេចធិបតី និងចង់ឃើញសម្តេចក៏ដូចប្រទេសកម្ពុជា ទាំងមូលទទួលបានជោគជ័យ។
កិច្ចពិភាក្សានោះ បានផ្ដោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានជម្រាបជូនសម្តេចធិបតីថា អាម៉េរិក បាន សម្រេចផ្តល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលអាម៉េរិកបានផ្អាកក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយ លោក ស្រី វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការឆ្លើយតប សម្ដេច ធិបតី បានបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នឹងពិនិត្យកែសម្រួលនីតិវិធី ឱ្យដំណើរការដោយរលូនឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕