
កំពង់ធំ៖ សត្វខ្សឹបញីមួយក្បាល នាថ្ងៃទី២៥ កក្កដា កន្លងទៅ ត្រូវបានគ្រួសារកសិករប្រទះឃើញ និងជួយសង្គ្រោះ ដោយនាំយកសត្វខ្សឹបញីមួយក្បាលនេះមកផ្ទះ។ ខណៈសត្វខ្សឹបញីមួយក្បាល នោះ មានសភាពទន់ខ្សោយនិងមានជំងឺ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ សមាជិកសហគមន៍ បានទាក់ទងទៅក្រុមការងារគម្រោងរបស់អង្គការ WCS ដើម្បីស្នើសុំជំនួយក្នុងការជួយសង្គ្រោះសត្វស្លាបជិតផុតពូជបំផុតមួយនេះ។
គ្រួសារកសិករមកពីភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រទះសត្វខ្សឹបញីមួយក្បាល នៅពេលយប់។ ដោយមើលឃើញថាសត្វមានសភាពទន់ខ្សោយនិងមានជំងឺ កសិករបានសម្រេចចិត្តជួយសង្គ្រោះ ដោយនាំយកសត្វខ្សឹបញីមួយក្បាលនេះមកផ្ទះ។ នាព្រឹកបន្ទាប់ សមាជិកសហគមន៍បានទាក់ទងទៅក្រុមការងារគម្រោងរបស់អង្គការ WCS ប្រចាំតំបន់ទេសភាពបឹងទន្លេសាប ដើម្បីស្នើសុំជំនួយក្នុងការជួយសង្គ្រោះសត្វស្លាបជិតផុតពូជបំផុតមួយនេះ ដែលបច្ចុប្បន្ននៅប្រទេសកម្ពុជា ប្រភេទសត្វស្លាបដ៏កម្រនេះ មានវត្តមានតែនៅតំបន់វាលស្មៅលិចទឹកនៃទំនាបបឹងទន្លេសាបប៉ុណ្ណោះ។

អង្គការ WCS និង មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានសហការគ្នាលើការជួយសង្គ្រោះសត្វខ្សឹបញីមួយនេះ។ ពេទ្យសត្វរបស់អង្គការ ACCB បានធ្វើការវាយតម្លៃសុខភាព និងផ្តល់ការថ្នាំព្យាបាលនៅទីតាំងសង្គ្រោះ បន្ទាប់មកវាត្រូវបានផ្ទេរទៅកន្លែងដាក់ឱ្យនៅដាច់ពីគេនៅក្នុងមជ្ឈមណ្ឌល (ACCB) ។ ជាសំណាងល្អ បក្សីបានបង្ហាញពីសញ្ញាប្រសើរឡើងនៃការជាសះស្បើយក្នុងរយៈពេលពីរទៅបីថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាល ហើយវាហាក់ដូចជាបានសម្របខ្លួនបានយ៉ាងល្អទៅនឹងការស្ថិតនៅក្រោមការថែទាំរបស់មនុស្ស។
សូមបញ្ជាក់ថា សត្វខ្សឹបញីដែលត្រូវបានជួយសង្គ្រោះមួយក្បាលនេះ មានគុណតម្លៃសេនេទិកសម្រាប់ចំនួនសត្វខ្សឹបផ្សេងទៀត ដែលត្រូវបានរក្សាទុកនៅអង្គការ ACCB ហើយដូច្នេះវានឹងត្រូវបានដាក់បញ្ចូលនៅក្នុងចំនួនប្រជាសាស្ត្រសត្វខ្សឹបដែលត្រូវធានាការថែទាំនៅ ACCB ។ ការធានាលើចំនួនប្រជាសាស្ត្រសត្វខ្សឹប នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងផែនការអភិរក្ស ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូរវាងក្រសួងបរិស្ថាន អង្គការ WCS ប្រចាំនៅកម្ពុជា និងអង្គការACCB ដើម្បីអភិរក្សប្រភេទសត្វព្រៃពីការវិនាសផុតពូជ៕
