ឥណ្ឌូនេស៊ី៖ សាធារណរដ្ឋស៊ែប៊ី សាធារណរដ្ឋប៉ាណាម៉ា និងរដ្ឋកូវ៉ែត នៅថ្ងៃទី៥ ខែកញ្ញា បានចុះហត្ថលេខាចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) របស់អាស៊ានជាផ្លូវការ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ការចុះហត្ថលេខាលើលិខិតូបករណ៍របស់ប្រទេសទាំង៣នេះ បានធ្វើឱ្យភាគីនៃ TAC កើនដល់ចំនួន ៥៤។
ពិធីចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពី មិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយ សាធារណរដ្ឋស៊ែប៊ី សាធារណរដ្ឋប៉ាណាម៉ា និងរដ្ឋកូវ៉ែត ត្រូវបានធ្វើឡើងដោយចូលរួមជាធិបតីដោយ រដ្ឋមន្រ្ដីការបរទេសអាស៊ានទាំង១០ប្រទេស។ ការចុះហត្ថលេខាលើលិខិតូបករណ៍របស់ប្រទេសទាំង៣នេះ បានធ្វើឱ្យភាគីនៃ TAC កើនដល់ចំនួន ៥៤ ខណៈ រដ្ឋមន្រ្ដីការបរទេសអាស៊ានក៏រំពឹងរង់ចាំការចុះហត្ថលេខាចូលជាភាគីនៃ TAC ដោយអ៉េស្បាញ មិចស៊ិកកូ អាល់ហ្សេរី និងលុច្សសំបួរ ក្នុងពេលឆាប់ៗខាងមុខ។
សន្ធិសញ្ញា TAC ជាក្រមមួយ ដែលមានចងកាតព្វកិច្ចផ្នែកច្បាប់សម្រាប់រដ្ឋ និងរដ្ឋនៅក្នុងតំបន់ ជាពិសេសក្នុងគោលបំណងរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព។
សូមបញ្ជាក់ថា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦។ កន្លងមក សន្ធិសញ្ញានេះ ត្រូវបានកែប្រែជាច្រើនលើក ដើម្បីអនុញ្ញាតឱ្យរដ្ឋក្រៅតំបន់អាស៊ីអាគ្នេយ៍ អាចចូលជាសមាជិកបាន។ នៅពេលខាងមុខ វាអាចមានប្រទេសជាច្រើនទៀតចូលជាសមាជិកសន្ធិសញ្ញាមួយនេះដូចជា ស៊ែប៊ី ប៉ាណាម៉ា អេស្ប៉ាញ និងម៉ិកស៊ិកជាដើម៕