
ឥណ្ឌូនេស៊ី៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និង លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានឯកភាពគ្នាបន្តអនុវត្តកិច្ចសហប្រតិបត្តិការចំនួន៥ចំណុច ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបី។ ក្នុងចំណោមចំនួន៥ចំណុចនោះ មានក៏មេដឹកនាំទាំងបីប្រទេស ក៏បានឯកភាពគ្នាបន្តយន្តការកំណត់ព្រំដែនរវាងប្រទេសទាំងបី ឱ្យបញ្ចប់ទាំងស្រុងនាពេលឆាប់ៗខាងមុខ។
ការឯកភាពគ្នារបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីនេះ ធ្វើឡើងក្នុងជំនួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគី នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបី តែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗនៅក្នុងតំបន់។
នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និងបានឯកភាពជាគោការណ៍ដូចជា ទី១៖ បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។
ទី២៖ បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ។ ទី៣៖ បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។
ទី៤៖ បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី។ ទី៥៖ ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍។
នៅក្នុងជំនួបនេះផងដែរ លោកនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកជូនចំពោះ សម្ដេច ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញសម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាឆ្នាំ២០២៤ ខាងមុខ៕