
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា នៅថ្ងៃទី ៤ កញ្ញាខាងមុខនេះ។នេះជាការបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន ក្រោយលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីសម្តេច ហ៊ុន សែន។
បើគ្មានអ្វីប្រែប្រួលនោះទេថ្ងៃចន្ទទី ៤ កញ្ញាសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា។ជាជំនួបកំពូលបន្តុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។
បើតាមលោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា សម្រាប់កម្ពុជាដែលជាសមាជិករបស់អាស៊ានតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះ ជា បន្តុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។ សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ ទាំង នេះគឺជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ។ ម្យ៉ាងពីព្រោះ ជាលើកទីមួយបង្អស់ហើយ ដែលលោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា នឹងបង្ហាញមុខជាផ្លូវការលើឆាកអន្តរជាតិ។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បន្តថា នៅថ្ងៃទី៥កញ្ញាខាងមុខនេះ នៅទីក្រុងចាកាតា លោក ហ៊ុន ម៉ាណែត នឹងមានឈ្មោះជាមេដឹកនាំកំពូលក្មេងជាងគេបង្អស់ក្នុងចំណោមមេដឹកនាំកំពូលបច្ចុប្បន្នទាំង១០រូបរបស់អាស៊ាន។ ម្យ៉ាងចុងក្រោយ ពីព្រោះពីថ្ងៃទី៥ដល់ថ្ងៃទី៧កញ្ញា ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ នៅទីក្រុងចាកាតា ដដែល, លោក ហ៊ុន ម៉ាណែត នឹងឃើញ, នឹងចាប់ដៃ, នឹងជួបជាផ្លូវការឬក្រៅផ្លូវការ, ប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន១៧នាក់យ៉ាងតិច ដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និង នូវែលសេឡង់។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ជឿងជាក់ថា លោក ហ៊ុន ម៉ាណែត មានសមត្ថភាពហួសពីគ្រប់គ្រាន់ និង មានឆន្ទៈមោះមុតខ្លាំងណាស់ ដើម្បីលើកតម្កើងមុខមាត់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ ម្ល៉ោះហើយ ប្រជាជាតិកម្ពុជាទាំងមូលគួរតែនិងត្រូវតែរួបរួមគ្នាជាធ្លុងមួយ នៅពីក្រោយមេដឹកនាំប្រកបដោយថាមពលរបស់យើងរូបនេះ ដែលអាស៊ាននិងពិភពលោក នឹងសម្លឹងមើលហើយវាយតម្លៃ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី សប្តាហ៍ក្រោយនេះ៕