ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី០១កញ្ញានេះ បានបង្ហោះសារសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹម១ឆ្នាំវិញ។
សូមជម្រាបថា ព្រះមហាក្សត្រថៃនាថ្ងៃទី០១កញ្ញានេះបានប្រកាសបន្ធូរបន្ថយទោស អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ឱ្យជាប់ពន្ធនាគារត្រឹមរយៈពេល ១ឆ្នាំវិញ ការលើកលែងទោសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីមហាសេដ្ឋីថៃ និងជាអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ។
អតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤ ឆ្នាំលោក ថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញកាលពីសប្តាហ៍មុនក្រោយនិរទេសអស់រយៈពេល ១៥ ឆ្នាំនៅបរទេសក្នុងការនិរទេសខ្លួនឯងដើម្បីគេចពីពន្ធនាគារពីបទរំលោភអំណាចនិងជម្លោះផលប្រយោជន៍ក្នុងអំឡុងពេលដែលគាត់កាន់អំណាច៕