
ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) ដឹកនាំដោយលោកបណ្ឌិត ឃៀង សុធី ជាសាកលវិទ្យាធិការ បានចូលរួម «សន្និសីទឥណ្ឌូនេស៊ី-កម្ពុជា ស្តីពីនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា» នៅទីក្រុងម៉ាឡាំង ប្រទេសឥណ្ឌូនេស៊ី។ សន្និសីទនេះ សហការ រៀបចំដោយសាកលវិទ្យាល័យ Universitas Merdeka Malang (UNMER) និងសាកលវិទ្យាល័យ CamTech ដោយមាន គ្រឹះស្ថានឧត្តមសិក្សាចំនួន១២ មកពីទីក្រុងផ្សេងៗគ្នានៃប្រទេសឥណ្ឌូនេស៊ី រួមមាន៖ Surabaya, Bandung, Yogyakarta និង West Nusa Tenggara ដើម្បីពិភាក្សាលើកិច្ចសហការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងពីប្រវត្តិនៃប្រព័ន្ធអប់រំឧត្តមសិក្សាអាស៊ាន និងសារៈសំខាន់នៃកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរការសិក្សា ការផ្លាស់ប្តូរសាស្រ្តាចារ្យនិងនិស្សិត ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា។

បន្ទាប់មក ក៏មានកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរ ទស្សនៈផ្សេងៗ ដោយថ្នាក់ដឹកនាំតំណាង គ្រឹះស្ថាន ឧត្តមសិក្សាទាំង១២ រួមមាន៖ CamTech University, Universitas Merdeka Malang, Universitas Hang Tuah, Universitas PGRI Kanjuruhan Malang, Universitas Ma Chung, Universitas Mercu Buana Yogyakarta, Universitas Wisnuwardhana Malang, Politeknik LAN , Universitas Teknologi Sumbawa, Sekolah Tinggi Informatika dan Komputer Indonesia, Sekolah Tinggi Ilmu Ekonomi (STIE) Malangkucecwara Malang, and Institut Teknologi dan Bisnis Asia Malang ។ ការពិភាក្សាបានផ្តោត លើបញ្ហាប្រឈម កាលានុវត្តភាព និងឧត្តមានុវត្តន៍ ក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងប្រព័ន្ធអេកូឡូស៊ីសហការ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ ឧត្តមសិក្សា។
នៅក្នុង សន្និសីទនេះ ក៏មាន ការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងគ្រឹះស្ថានឧត្តម សិក្សាទាំង ១២ ផងដែរ។ តំណាងគ្រឹះស្ថានទាំងអស់ បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកិច្ចសហការ និងភាព ជាដៃគូលើចំណុចជាក់លាក់ រួមមាន៖ ការផ្លាស់ប្តូរនិស្សិតនិងសាស្ត្រាចារ្យ ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា ការលើកសំណើស្រាវជ្រាវរួមគ្នា ការសហការរៀបចំសន្និសីទ ឬសិក្ខាសាលារួមគ្នា និងកាបង្រៀនមុខវិជ្ជា រួមគ្នា ជាដើម។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ឃៀង សុធី ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច ក៏បានលើកឡើង ពី តួនាទីដ៏សំខាន់ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហការគ្នារវាងកម្ពុជា និងឥណ្ឌូនេស៊ីនៅថ្នាក់ ឧត្តមសិក្សា។ លោកបានសង្កត់ធ្ងន់ លើ ភាពស្រដៀងគ្នានៃប្រទេសទាំងពីរជាប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយ តាមរយៈទំនាក់ទំនងវប្បធម៌ មត៌កជំនឿសាសនាព្រះពុទ្ធនិងហិណ្ឌូនៅលើប្រាសាទនានា ភាសាវិទ្យា និងទំនាក់ទំនងនយោបាយ ជាដើម។ កត្តាទាំងនេះគឺជាឫស គល់ដ៏សំខាន់ ក្នុងការបង្កើត កិច្ចសហការផ្នែកអប់រំកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់ បន្ថែមថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនេះនៅពេលនេះ គឺជាការបោះជំហានក្នុងការ កំណត់ ទិសដៅ ឱកាសរីករាយសម្រាប់ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា ការផ្លាស់ប្តូរចំណេះដឹង និងការចែករំលែកការអនុវត្តល្អៗ។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះតំណាង ភាគីចូលរួមទាំងអស់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការផ្នែកអប់រំនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា ដើម្បីចាប់ផ្តើមកិច្ចសហការនេះ សាកលវិទ្យាល័យ UNMER បានទទួលស្វាគមន៍និស្សិត CamTech ចំនួន១០ នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដើម្បីឱ្យពួកគេទទួលបាន បទពិសោធន៍ សិក្សា លើកកម្ពស់ការយល់ដឹងអំពីអន្តរវប្បធម៌ និងសិក្សាភាសាឥណ្ឌូនេស៊ី។
សាកលវិទ្យាល័យខេមតិច ប្តេជ្ញាពង្រីកបណ្តាញរបស់ខ្លួន និងបង្កើតសម្ព័ន្ធភាពជាមួយគ្រឹះស្ថានឧត្តមសិក្សាទូទាំងតំបន់ និងជុំវិញពិភពលោក ដើម្បីឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា៕
