
ភ្នំពេញ៖ ការអប់រំពហុភាសា គឺជាផ្នែកមួយនៃគម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» ដែលបានអនុម័តកាលពីខែសីហា ឆ្នាំ២០១៩។ ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា មានគោលបំណងដោះស្រាយឧបសគ្គខាងភាសាដែលសិស្សជនជាតិដើមភាគតិចកំពុងជួបប្រទះនៅសាលាបឋមសិក្សាក្នុងប្រទេសកម្ពុជា។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តគម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER)។
គម្រោងធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា មានគោលបំណងដោះស្រាយនូវឧបសគ្គដែលសិស្សជនជាតិដើមភាគតិចជួបប្រទះដែលរាងរាំងដោយភាសា និងកំពុងប្រឈមមុខក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការបោះបង់ការសិក្សា លុបបំបាត់វដ្តនៃភាពក្រីក្រ ការមិនរាប់បញ្ចូល និងវិសមភាពក្នុងសង្គម ធ្វើឱ្យប្រសើរឡើង និងគាំទ្រដល់ដំណើរការសិក្សារបស់សិស្ស និងចូលរួមជួយឱ្យគ្រូបង្រៀនកម្រិតបឋមទទួលបាននូវជំនាញ និងចំណេះដឹងឌីជីថល។
ជាការផ្តល់ឱ្យកុមារជនជាតិដើមភាគតិចទទួលបានការអប់រំមានគុណភាព និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ផែនការសកម្មភាពស្តីពីការអប់រំពហុភាសា២០១៩-២០២៣ មានគោលដៅ ពង្រីកសេវាអប់រំពហុភាសាប្រកបដោយសមធម៌ បរិយាបន្ន និងមាននិរន្តរភាពដល់ជនជាតិដើមភាគតិច ជាពិសេសកុមារ, ពង្រឹងការអប់រំពហុភាសាឱ្យមានគុណភាព ដោយផ្សារភ្ជាប់នឹងភាសាកំណើត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច, និង លើកកម្ពស់ការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិច និងកិច្ចសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធ៕
.png?1691735903)