ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉ល បានប្រកាសជូនដំណឹងដល់អតិថិជនពីការផ្អាកឈប់ផ្គត់ផ្គង់ក្រដាសប្រាក់ដុល្លារបីប្រភេទគឺ១ ដុល្លារ ៥ ដុល្លារ និង ១០ ដុល្លារ ក្នុងការអាប់ប្រាក់ត្រលប់ជូនអតិថិជនចាប់បីថ្ងៃ ០១ សីហា ឆ្នាំ២០២០ តទៅ។ នេះបើតាមសេសចក្ដីប្រកាសរបស់ផ្សារទំនើបអ៊ីអន ដែលក្រុមការងារស៊ីស៊ីថាមស៍ ទទួលបានថ្ងៃ ៣០ កក្កដា ឆ្នាំ២០២០។
ផ្សារទំនើបអ៊ីអនម៉ល បានប្រកាសសេចក្ដីជូនដំណឹងដល់អតិថិជនខ្លួន អំពីការផ្អាកផ្គត់ផ្គងក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ ដូចជា ១ ដុល្លារ ៥ ដុល្លារ និង ១០ ដុល្លារ ដោយធ្វើការអាប់ប្រាក់ត្រលប់ជាប្រាក់រៀលវិញ។ការផ្អាកផ្គត់ផ្គងនេះ នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃ ០១ សីហា ឆ្នំា២០២០តទៅ រហូតមានការជូនដំណឹងជាថ្មី ហើយសម្រាប់ការអាប់ប្រាក់ត្រលប់ជូនអតិថិជន ផ្សារទំនើបអ៊ីអន នឹងប្រើប្រាស់ជាប្រាក់រៀលវិញផងដែរ។
តែយ៉ាងណាក៏ដោយ ផ្សារទំនើបអ៊ីអន បានបញ្ជាក់ថា ខ្លួននៅតែបន្តទទួលក្រដាសប្រាក់ដុល្លារពីអថិជនសម្រាប់ការជាវទំនិញគ្រប់ប្រភេទ រហូតដល់មានការជូនដំណឹងជាថ្មី ហើយការផ្អាកផ្គតផ្គងលុយដុល្លារប្រភេទតូចៗនេះ គឺសម្រាប់តែការអាប់ប្រាក់ត្រលប់ទៅអតិថិជនប៉ុណ្ណោះ។
ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា ផ្សារទំនើបអ៊ីអននៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើផ្សារមិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏ធនាគារជាតិមិនអាចបង្ខំឱ្យអាប់នូវក្រដាសទាំងនោះបានដែរ។សម្រាប់លោកជំទាវ សំខាន់ ផ្សារទំនើបអ៊ីអនអាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។
លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ។
សូមបញ្ជាក់ថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនិត្យានុកូលនិងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន់ទារទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ។”