
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលកម្ពុជា អាណត្តិចាស់ និងអាណត្តិថ្មី នៅថ្ងៃទី ១០ សីហា ឆ្នាំ២០២៣ខាងមុខនេះ។ជាជំនួបធ្វើឡើងមុនដែលរដ្ឋសភាបើកកិច្ចប្រជុំផ្លូវការនៅថ្ងៃទី ២១ សីហា ដើម្បីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
យោងតាមប្រភពច្បាស់ការ បានគូសបញ្ជាក់ថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់ផ្ទះ និងជិតអស់តំណែង ក្នុងឋានៈជាប្រធានគណបក្សដែលទទួលបានឈ្នះការបោះឆ្នោត១២០កៅអី ក្នុងអាណត្តិទី៧ បានប្រកាសជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់និងថ្មី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ពិធីនេះនឹងរៀបចំឡើង នៅវិមាន៧មករា ដែលជាស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ។
មិនមានព័ត៌មានលម្អិតពីរបៀបវារនៃជំនួបនោះទេ តែជំនួបនេះជាជំនួបពិសេសមួយនៃរបទនយោបាយរបស់គណបក្សកាន់អំណាច ក្នុងការផ្លាស់ប្តូរក្បាល់ម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលឥស្សរជនដែលមានវ័យចំណាស់អាចនឹងត្រូវផ្លាស់ប្តូរតួនាទីភារកិច្ចជំនួសមកវិញដោយយុវជនជំនាន់ក្រោយដែលពោរពេញដោយសក្តានុពល និងមានចំណេះដឹងថ្មីៗ។
គួរបញ្ជាក់ថា បន្ទាប់ពីការកសាង និង បន្សល់ទុកស្នាដៃច្រើនរាប់មិនអស់ ក្នុងដំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ឆ្នាំ សម្តេចហ៊ុន សែន បានប្រកាសជាផ្លូវការឈប់បន្តធ្វើជានាយករដ្ឋមន្ត្រី ហើយលោក ហ៊ុន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។